អយុធ្យាប្រកាសអាសន្នហើយ ខណៈទឹកទន្លេកើនឡើងបន្ថែម១០សង់ទីម៉ែត្រទៀត
N
Nary Vann
•
13 ម៉ោងមុន

រាជធានីបាងកក៖ ការិយាល័យធនធានទឹកជាតិថៃ បានចេញសេចក្តីព្រមានអាសន្នថា កម្រិតទឹកនៅក្នុងទន្លេចៅព្រះយា (เจ้าพระยา) និងទន្លេណយ(น้อย) ក្នុងខេត្តអយុធ្យា នឹងហក់ឡើងបន្ថែមប្រមាណ១០សង់ទីម៉ែត្រ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ ខណៈជំនន់ទឹកភ្លៀងដ៏សន្ធឹកសន្ធាប់ កំពុងបន្តហូរធ្លាក់ចុះឆ្ពោះទៅកាន់រាជធានីបាងកក ខេត្តបទមធានី, នន្នបុរី និងសុទ្ទប្រាការ..។

បច្ចុប្បន្ន ទំនប់ចៅព្រះយា ឬចៅប្រៈយ៉ា កំពុងបន្តបង្ហូររំដោះទឹកក្នុងល្បឿនលឿន២៥០០ម៉ែត្រគូបក្នុងមួយវិនាទី ដោយសារតែលំហូរទឹកពីទន្លេ សៈកេក្រាំង (สะแกกรัง) នៅមានកម្រិតខ្ពស់។ អាជ្ញាធរបញ្ជាក់ថា ទោះបីជាទំនប់ទប់ទឹកសំខាន់ៗនៅខេត្តបទមធានី, នន្នបុរី និងរាជធានីបាងកក ត្រូវបានសាងសង់ឡើងខ្ពស់ល្មមអាចការពារតំបន់កណ្តាលក្រុងបានក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋរស់នៅតំបន់ទំនាប និងសហគមន៍ដែលនៅក្រៅទំនប់ទប់ទឹក នឹងត្រូវប្រឈមមុខនឹងការលិចលង់យ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនោះ នៅភាគខាងកើត និងភាគខាងលិច ប្រព័ន្ធធារាសាស្ដ្រកំពុងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីរំដោះទឹកចេញ ប៉ុន្តែដំណើរការនេះ ត្រូវជួបការលំបាក និងស៊ីពេលយូរដោយសារឥទ្ធិពលទឹកសមុទ្ទជោរឡើងខ្លាំងដូចគ្នា។ ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមបានព្យាករថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា តែយ៉ាងណាអាជ្ញាធរអះអាងថា ស្ថានភាពជំនន់ទឹកភ្លៀងសរុបនៅតែអាចគ្រប់គ្រងបាននៅឡើយទេ កុំបារម្ភ!...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត