
មជ្ឈិមបូព៌ា៖ អុីរ៉ង់ និងសហរដ្ឋអាម៉េរិក បានគំរាមកំហែងដាក់គ្នាទៅវិញទៅមក ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា អុីរ៉ង់នឹងបរាជ័យផ្នែកសេដ្ឋកិច្ច ឬប្រឈមមុខនឹងការរលាយបាត់បង់ថ្នាក់ដឹកនាំរបស់ខ្លួន ប្រសិនបើមិនព្រមធ្វើកិច្ចព្រមព្រៀងទេនោះ ខណៈយោធាអុីរ៉ង់បានថ្លែងតបទាំងមិនញញើតថា ខ្លួននឹងសងសឹកយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារថ្មីណាមួយកើតឡើង ទន្ទឹមនឹងក្រុមឧទ្ទាមហ៊ូធី ដែលជាដៃជើងរបស់អ៊ីរ៉ង់ កំពុងតែវាយប្រហាររាលទូទាំងតំបន់ ដើម្បីគាំទ្រមេបក្ស[អ៊ីរង់]របស់ខ្លួន។

ជម្លោះនៅមជ្ឈិមបូព៌ា បានធ្លាក់ទៅក្នុងស្ថានភាពជាប់គាំងជាច្រើននខែមកហើយ ដោយគ្មានសញ្ញាធូរស្រាលនោះឡើយ បើទោះបីជាវិបត្តិនេះបានធ្វើឱ្យមានវិបត្តិថាមពលពិភពលោកកាន់តែយ៉ាប់ទៅៗក៏ដោយ ដែលបានធ្វើឱ្យផ្នែកខ្លះនៃសេដ្ឋកិច្ចអុីរ៉ង់ដួលរលំ និងរីករាលដាលជម្លោះថ្មីៗក្នុងតំបន់។ នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយអ្នកយកព័ត៌មាន Fox News លោក ត្រាំ បានមានប្រសាសន៍ថា មេដឹកនាំអុីរ៉ង់គួរតែធ្វើកិច្ចព្រមព្រៀង បើមិនដូច្នេះទេ រដ្ឋធានីតេហេរ៉ង់នឹងត្រូវរលំរលាយផ្នែកសេដ្ឋកិច្ច ឬត្រូវលុបបំបាត់ចោលតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអុីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេគៀន (Masoud Pezeshkian) ត្រូវបានគេរំពឹងថានឹងវត្តមាននៅទីក្រុងញូវយ៉កនាសប្តាហ៍នេះ សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយលោក ត្រាំ ប្រកាសជំហរក្នុងការជួបពិភាក្សាជាមួយរូបលោក។ មែនទែនទៅ លោក ត្រាំ បានគំរាមកំហែងជាច្រើនលើកច្រើនសា អំពីការកើនឡើងកម្តៅផ្នែកយោធាដ៏ធំក្នុងអំឡុងពេលមានជម្លោះ ប៉ុន្តែមិនបានអនុវត្តតាមការគំរាមទាំងនោះនៅឡើយទេ។

យោធាអុីរ៉ង់ ទើបនឹងអះអាងថា ការវាយប្រហារថ្មីណាមួយផ្ទុះឡើង នឹងបង្កឱ្យមានការសងសឹកយ៉ាងចាស់ដៃទៅលើមូលដ្ឋានយោធា និងផលប្រយោជន៍របស់អាម៉េរិក ហើយសម្ព័ន្ធមិត្តក្នុងតំបន់របស់រដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវចាត់ទុកជាភាគីនៃជម្លោះផងដែរ។ ទន្ទឹមនឹងអាម៉េរិក-អ៊ីរ៉ង់ គ្រហឹមដាក់គ្នា ស្រាប់តែក្រុមឧទ្ទាមហ៊ូធី បានកំណត់គោលដៅវាយប្រហារលើរដ្ឋធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តឈូងសមុទ្ទរបស់អាម៉េរិក បានរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងររួចទៅហើយដោយសារភ្លើងសង្គ្រាម ដែលអាម៉េរិក និងអ៊ីស្រាអែល ជាអ្នកបង្កាត់ឡើង។ គេនៅចាំបានថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្ថានភាពលំបាករបស់អារ៉ាប៊ីសាអូឌីតកាន់តែអាក្រក់ទៅៗ ដោយសារក្រុមហ៊ូធីនៅ បានបាញ់ស្រោចគ្រាប់មីស៊ីល និងដ្រូនទៅលើរដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយវីដេអូបានបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ហុយចេញពីតំបន់ព្រលានយន្តហោះអន្តរជាតិនៃរដ្ឋធានីរីយ៉ាដ។

បច្ចុប្បន្ន យោធាអ៊ីរ៉ង់ និងក្រុមហ៊ូធី កំពុងរួមដៃគ្នាច្របាច់-ក ផ្តាច់ដង្ហើមប្រេងពិភពលោក ដោយកងកម្លាំងក្រុមឧទ្ទមដ៏មានឥទ្ធិពលមួយនេះ បានមានប្រៀបនៅលើច្រកសមុទ្ទ Bab el-Mandeb (បាបអេល ម៉ានដេប) ដែលធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការគ្រប់គ្រងលើនាវាចរណ៍ ដែលធ្វើដំណើរចន្លោះសមុទ្ទក្រហម និងអាស៊ី ហើយក្រុមនេះក៏មានសមត្ថភាពពេញលេញក្នុងការបិទផ្លូវទឹកដ៏សំខាន់នេះផងដែរ។ ដោយឡែក អុីរ៉ង់វិញ បានបិទផ្លូវនាវាចរណ៍ភាគច្រើននៅច្រកសមុទ្ទហ័រមូស្ស ដែលធ្វើឱ្យការនាំចេញថាមពលរបស់ងបណ្តារដ្ឋនៅតំបន់ឈូងសមុទ្ទដែលសម្បូរប្រេង ឥឡូវនេះត្រូវកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីទីផ្សារពិភពលោក៕





