
ក្រុងច្បារមន៖ លោកស្រី Daniella Chehade ប្រធានក្រុមការងារសម្របសម្រួលការប្រែប្រួលអាកាសធាតុ នៃទីភ្នាក់ងារអន្តរជាតិ បានចាត់ទុកតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ គឺជាត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៤តុលាម្សិលមិញ…។

ចំណាប់អារម្មណ៍របស់អ្នកជំនាញអន្តរជាតិរូបនេះ ត្រូវបានដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានអន្តរជាតិ Associated Press (AP) នាពេលថ្មីៗនេះ បន្ទាប់ពីបានទៅទស្សនានៅតាមតំបន់ទេសរណ៍ធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ រួមមាន៖ តំបន់ទេទឹកពុះ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ និងទឹកធ្លាក់ចំបក់ ក្នុងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។ ការផ្សព្វផ្សាយ និងការលើកឡើងពីសំណាក់អ្នកជំនាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ឆ្លុះបញ្ចាំងឱ្យឃើញថា «ត្បូងពេជ្រមិនទាន់ច្នៃ» នៃវិស័យទេសចរណ៍ធម្មជាតិ របស់ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ អ្នកជំនាញអន្តរជាតិ បានពិពណ៌នាពីតំបន់ទេទឹកពុះ ដែលមើលឃើញថា ថ្មភក់នៅទីនោះ សម្បូរដោយសារធាតុស៊ុលហ្វួរ (Sulfur) និងជាតំបន់ទាក់ទាញក្នុងស្រុកដ៏ពិសេសមួយ។

រីឯ ទឹកធ្លាក់ចំបក់ មានទេសភាពស្អាតទាក់ភ្នែក និងមានសេវាកម្មទេសចរណ៍ល្អ។ ចំណែក «ត្បូងពេជ្រលាក់ខ្លួន» មួយទៀតនៅក្នុងខេត្តកំពង់ស្ពឺដែរនោះគឺ តំបន់ភ្នំខ្នងផ្សារ ស្ថិតនៅចន្លោះជួរភ្នំ មានព្រៃឈើ និងវាលស្មៅល្អស្រស់ត្រកាល គ្របលើភ្នំខ្នងផ្សារ ផ្ដល់ជូនអ្នកទេសចរនូវបទពិសោធប្លែកខុសពីកន្លែងដទៃ។ អ្នកជំនាញរូបនេះ ចាត់ទុកតំបន់ភ្នំខ្នងផ្សារ ក៏កំពុងក្លាយជាគំរូមួយនៃរបៀបដែលការអភិរក្សគោលដៅលម្ហែបៃតងជួយការពារបរិស្ថាន និងការអភិវឌ្ឍសហគមន៍ដែលអាចដើរទន្ទឹមគ្នា។ លោកស្រី Daniella Chehade អះអាងថា តំបន់ធម្មជាតិអាចមានតម្លៃលើសពីកន្លែងកម្សាន្តដ៏ស្រស់ស្អាត។ នៅពេលគ្រប់គ្រងបានល្អិតល្អន់ តំបន់ទាំងនោះអាចជួយទ្រទ្រង់ភាពធន់នឹងអាកាសធាតុ ពង្រឹងភាពធន់របស់សហគមន៍ និងផ្តល់ប្រភពចំណូលប្រកបដោយចីរភាព៕






