សម្ដេចធិបតីជំរុញឱ្យពង្រឹងសមត្ថភាព ពង្រីកសក្ដានុពល «សហគមន៍ទេទឹកពុះ» ដើម្បីប្រយោជន៍ពលរដ្ឋ និងទាក់ទាញទេសចរ
S
Soriya Sou
6 ម៉ោងមុន

ក្រុងច្បារមន៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ជំរុញឱ្យពង្រីកសក្ដានុពលរបស់សហគមន៍ ត្រៀមទទួលភ្ញៀវទេសចរ...។

អញ្ជើញដំណើរដោយផ្ទាល់ទៅសហគមន៍ទេទឹកពុះ សម្ដេចធិបតី បញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់សម្តេចនៅព្រឹកថ្ងៃទី១៦សីហានេះ ដោយសម្ដេចគូសបញ្ជាក់ថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថា គម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ចំគោលដៅដែលសហគមន៍ចង់បាន។ សម្ដេចមានប្រសាសន៍បន្ថែមថា ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះ ឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្ដុះបណ្ដាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្ដង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្ដល់ជូនផងដែរ ក្នុងគោលដៅពង្រឹង និងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។

សម្ដេចសង្កត់ធ្ងន់ថា និយាយឱ្យខ្លី និងសាមញ្ញ គឺ«បង្រៀនសហគមន៍ឱ្យចេះរកស៊ី» ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតឱ្យពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍនៅហ្នឹងកន្លែង។ ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ជាតំបន់ធម្មជាតិកម្រ មានទឹកពុះក្ដៅពីធម្មជាតិ មានកម្រិតសីតុណ្ហភាពខ្ពស់ពី៧០-១០០អង្សា និងមានតែមួយគត់នៅកម្ពុជា។ តំបន់នេះ ត្រូវបានចាត់ទុកជាកន្លែងកើតមានបាតុភូតធម្មជាតិ អាចទាក់ទាញទេសចរ និងជំនឿសាសនាផងដែរ។ ស្របតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថានបានពន្លឿនគម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ ឱ្យរួចរាល់នៅដំណាច់ឆ្នាំ២០២៦ ដោយបង្កើតឱ្យមានទីតាំងវប្បធម៌ កន្លែងទីសក្ការបូជា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកទេសចរ មានកន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ និងមានចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និងកន្លែងអង្គុយត្រាំទឹកក្ដៅ ដែលកើតចេញពីធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត