ស្ពានថ្មនៅភាគខាងលិចនៃប្រាសាទតាកែវ បានឆ្លុះបញ្ចាំងពីចំណេះជំនាញស្ថាបត្យកម្ម និងវិស្វកម្មរបស់បុព្វបុរសខ្មែរ
S
Sreyleak Yith
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ពានថ្ម ស្ថិតនៅភាគខាងលិចប្រាសាទតាកែវ ស្ពាននេះ មិនត្រឹមតែភ្ជាប់ផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីចំណេះជំនាញស្ថាបត្យកម្ម និងវិស្វកម្មរបស់បុព្វបុរសខ្មែរសម័យអង្គរ...។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ទីតាំងនេះ ជាផ្លូវប្រវត្តិសាស្ត្រដ៏សំខាន់ ភ្ជាប់ចេញពីក្រុងអង្គរធំតាមទ្វារជ័យ ឆ្ពោះទៅកាន់បារាយណ៍ខាងកើត និងដែនដីនៅទិសខាងកើតនៃចក្រភព ដោយមានស្ពានឈើសម្រាប់ឆ្លងកាត់ស្ទឹងសៀមរាប ក្នុងសម័យអង្គរ។ លុះមកដល់សតវត្សរ៍ទី១៧ ក្រោយសម័យអង្គរបានសាងសង់ឡើងវិញ នៅត្រង់ទីតាំងស្ពានឈើចាស់នោះ ដោយប្រើប្រាស់ដុំថ្មភក់បុរាណពីប្រាសាទនានានៅក្បែរៗ យកមកតម្រៀបគ្នា។ ទោះបីស្ពានថ្មនេះ ស្ថិតក្នុងសម័យកាលក្រោយអង្គរក៏ដោយ តែបុព្វបុរសខ្មែរនៅតែរក្សាបាននូវចំណេះដឹងស៊ីជម្រៅ លើការគណនារចនាសម្ព័ន្ធទ្រទម្ងន់ ការបង្វែរចរន្តទឹក និងបច្ចេកទេសតម្រៀបថ្មឥតប្រើបាយអ ដែលជាគ្រឹះបច្ចេកវិទ្យាធ្លាប់ប្រើប្រាស់ ក្នុងការកសាងស្ពានថ្មបុរាណជាង១០០កន្លែងនៅទូទាំងចក្រភពខ្មែរ។

អាជ្ញាធរជាតិអប្សរាបន្ថែមថា បច្ចុប្បន្ន ទីនេះមានបរិយាកាសពោរពេញដោយឫសឈើធំៗ បានដុះស្រោបព័ទ្ធជុំវិញរូបរាងស្ពាន និងរចនាសម្ព័ន្ធយ៉ាងប្រកៀកប្រកិត បង្កើតជារូបភាពសិល្បៈធម្មជាតិ ដ៏មានជីវិតរស់រវើក។ លើសពីនេះ អាចបានឃើញសត្វបក្សីព្រៃដ៏ស្រស់ស្អាតដូចជាក្ងោកព្រៃ ដើររកចំណីស៊ីក្បែរស្ពានថ្មនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត