ក្រុងច្បារមន៖ ក្នុងឱកាសជួបសំណះសំណាល និងប្រកាសផ្តល់អំពូលសូឡា ដែលជាអំណោយរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទេទឹកពុះ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ កោដូន្តី ក្នុងភូមិសាស្ត្រឃុំតាសាល ស្រុកឱរ៉ាល់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត លើកទ្បើងថា ក្រសួងបានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ ដើម្បីឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តច្រើនជាងមុន..។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ទីតាំងវប្បធម៌ កន្លែងទីសក្ការបូជា មជ្ឈមណ្ឌលព័ត៌មាន កន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ ចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ ដាំដើមឈើ ដាំផ្កាលម្អ និងកន្លែងអង្គុយត្រាំទឹកក្ដៅ ដែលកើតចេញពីធម្មជាតិ ក៏ដូចជាជួយសម្រួលដល់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានដែលមានបំណងត្រាំទឹក ងូតទឹក និងព្យាបាលជំងឺ តាមបែបធម្មជាតិ។ លើសពីនេះ ក៏នៅមានការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិកសហគមន៍ ផ្តល់សេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ តាមរយៈភាពស្អាតពីខាងក្នុង គឺមានភាពស្មោះត្រង់លក់ដូរក្នុងតម្លៃសមរម្យ និងប្រែក្លាយសហគមន៍ មានសមត្ថភាពក្លាយជាសហគ្រិនភាព ដែលនឹងជួយលើកស្ទួយជីវភាពប្រជាសហគមន៍ក្នុងតំបន់។

សូមជម្រាបថា តំបន់ទេទឹកពុះ ជាបាតុភូតធម្មជាតិដ៏ចម្លែកមានទឹកពុះធម្មជាតិ ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សាសេ និងមានវាលស្មៅខ្ពស់ៗស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ជាជនជាតិដើមភាតិចសួយ ដែលពួកគេមានជំនឿថា មានការព្យាបាលជំងឺតាមបែបធម្មជាតិដោយការត្រាំ និងងូតទឹកក្ដៅ គឺអាចជាសះស្បើយនូវជំងឺផ្សេងៗបាន៕
