គ្រោះទឹកជំនន់នៅប្រទេសថៃ វា.យ.ប្រ.ហារដល់២៦ខេត្ត-ក្រុង បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង៣លាននាក់
ហៀប ស៊ីថេត
•
16 ម៉ោងមុន

រាជធានីបាងកក៖ វិបត្តិទឹកជំនន់ក្នុងប្រទេសថៃ បាននិងកំពុងរាលដាលយ៉ាងខ្លាំងក្លារហូតដល់២៦ខេត្ត-ក្រុង។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) កំពុងប្រញាប់ប្រញាល់ជម្លៀស និងបូមរំដោះទឹក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋជាង១លាន១សែនគ្រួសារដែលកំពុងរងផលប៉ះពាល់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Amrin TV នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

លោក និរ៉ាត់ ពង្សសិទ្ធិថាវន (Nirat Pongsitthithavorn) នាយក DDPM បានអះអាងថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើន បូករួមទាំងទឹកហូរធ្លាក់ពីភាគខាងជើងចូលមកតំបន់ទំនាបកណ្តាល បានធ្វើឱ្យកើតមានគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តចំនួន២៦។ តាមទិន្នន័យពី DDPM ជំនន់ទឹកភ្លៀងនេះ បានគ្របដណ្ដប់លើ១៦២ស្រុក-ខណ្ឌ, ១២៥៤ឃុំ-សង្កាត់ និង៩២១៩ភូមិ ព្រមទាំងរាជធានីបាងកក។ ផលប៉ះពាល់សរុបមានចំនួនជាង១លាន១សែនគ្រួសារ ឬស្មើនឹងជាង៣២សែននាក់។ 

ជុំវិញគ្រោះមហន្តរាយនេះ DDPM កំពុងបង្កើនល្បឿនក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដោយបានចល័តកម្លាំងមន្ត្រី និងគ្រឿងចក្រចុះទៅកាន់តំបន់រងគ្រោះ ដើម្បីជួយបូមរំដោះទឹក សម្អាតផ្លូវ និងកាត់បន្ថយកម្រិតទឹកជំនន់។ លើសពីនេះ អាជ្ញាធរបានផ្តល់អាទិភាពលើក្រុមជនងាយរងគ្រោះ ដោយជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងចែករំលែកស្បៀងអាហារ ទឹកផឹក ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត