
បទវិចារណកថា៖ ក្រោយអាណាចក្រខ្មែរ ឬអាណាចក្រអង្គរដ៏រុងរឿង ធ្លាក់ចុះឱនភាព រដ្ឋសុខោទ័យ(សៀម)មួយ បានលេចរូបរាងឡើងនៅសតវស្សរ៍ទី១៣ ពោលគឺចន្លោះប្រហែលពីឆ្នាំ១២៣៨ រហូតដល់ឆ្នាំ១៤៣៨ នៃគ.ស។ នគរស្រីអយុធ្យា គឺឈ្មោះរដ្ឋសៀមថ្មីមួយទៀតកកើតឡើង បន្ទាប់ពីស្តេចរាមាកំហែងចូលព្រះទិវង្គត និងក៏ជាការចាប់ផ្តើមសម័យកាលប្រវត្តិសាស្ត្រជាង៥០០ឆ្នាំនៃការឈ្លានពានទឹកដីខ្មែរ ម្ដងបន្តិចៗ តាមរយៈការផ្តើមចម្បាំងវាទទីដណ្តើមអាណាខេត្ត ប្រមូលយកកេតនភណ្ឌ អ្នកប្រាជ្ញ បណ្ឌិតអក្សរសាស្ត្រ គហបតី មន្ត្រីរាជការ អ្នកមានចំណេះជំនាញខាងផ្នែកវប្បធម៌ និងកៀរគជនជាតិខ្មែររាប់សែនលាននាក់ យកទៅនគររបស់ខ្លួន។ ចុះតើលោកអ្នកមានដឹងទេ ក្នុងរយពេលជាង៥០០ឆ្នាំមកនេះ ជម្លោះខ្មែរ-សៀមឬតៃ យើងបរាជ័យប៉ុន្មានដង និងបាត់បង់អ្វីខ្លះ...?

កាលពីវគ្គមុន យើងបានកកាយល្បើកប្រវត្តិសាស្ត្រដែលបានចារ្យប្រាប់យើងអំពីការវាទទីដណ្តើមទឹកដីរបស់ចោរសៀមឈ្លានពាន ដែលពីមុនពួកគេគ្រាន់តែជាជនពនេចរមកពីស្រុកចិន ហើយធ្វើជាបាវព្រាវ(ខ្ញុំបម្រើ)របស់ព្រះរាជាខ្មែរប៉ុណ្ណោះ។ ក្រោយពីកាប់សម្លាប់មន្ត្រីខ្មែរ ដណ្តើមយកអាណាខេត្តខណ្ឌរបស់ក្រុងមហានគរ ពួកគេក៏បានប្រកាសឯករាជ្យ និងបានវាទទីទឹកដីខ្មែរជាបន្តបន្ទាប់។ គិតមកដល់បច្ចុប្បន្ន ខេត្តខ្មែរធំៗពីអតីតកាលចំនួន២០ (បច្ចុប្បន្នបំបែកចេញខេត្តចំនួន៣១) រួមមាន៖ ១.ខេត្តសុរិន្ទ, នគររាជសីមា, បុរីរម្យ, សិរីសាកេត, ស្រះកែវ អតីតខេត្តអារញ្ញ, ត្រាច, រយ៉ង, សង្គឹត, គោកខ័ណ្ឌ, ចន្ទបុរី, ព្រះជិនបុរី, ជលបុរី, ស្ទឹងជ្រៅ, ឧទង, នាងរង, ពលបុរី, បស្ចឹមបុរី, សុវណ្ណភូមិ, យសោធរ, វិស្ណុលោក, ជ័យភូមិ, នគរភ្នំ, សុខោទ័យ, ទីក្រុងអយុធ្យា, បឹងកក់ បច្ចុប្បន្នរាជធានីបាងកក, សុគន្ធនគរ, វជ្ជបុរៈ, នគរស្រីធម្មរាជ, ជ័យភូមិ, ស្រីទេព, និងខេត្តទី៣១.នគរបឋម។

ក្រៅពីដណ្តើមបានខេត្តក្រុងទាំងនោះហើយ សៀមបានចូលលុកលុយរាជធានីយសោធរបុរៈ ឬរាជធានីអង្គរ ជាច្រើនលើកច្រើនសា ដោយបានកាប់សម្លាប់ប្រជារាស្ត្រខ្មែរ លួចឆក់ប្លន់ទ្រព្យសម្បត្តិ កៀរយកអ្នកប្រាជ្ញអក្សរសាស្ត្រ កវីបណ្ឌិត ជាពិសេស គឺអ្នករបាំប្រចាំព្រះរាជវាំងខ្មេរយកទៅស្រុកសៀម។ ដោយសារ ចម្បាំងឈ្លានពានម្ដងហើយម្ដងទៀតពីសំណាក់ណករសៀម ទីបំផុតនៅឆ្នាំ១៤៣១ បានបង្ខំឱ្យព្រះរាជាខ្មែរត្រូវបោះបង់ចោលរាជធានីអង្គរ ដោយប្តូរទៅតាំងរាជធានីថ្មី ជាបន្តបន្ទាប់។ សង្គ្រាមខ្មែរ-សៀមនៅសម័យក្រោយអង្គរនេះ កើតឡើងច្រើនលើកច្រើនសាណាស់ ហើយក៏គ្មានតួលេខច្បាស់លាស់ដែរ ដូច្នេះ យើងផ្អាកនិយាយសង្គ្រាមសម័យអង្គរត្រឹមប៉ុណ្ណេះ ដោយលើកយកល្បើកប្រវត្តិសាស្ត្រសម័យលង្វែកមកបរិយាយវិញម្តង ព្រោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ ដែលខ្មែរមានទាំងចាញ់សង្គ្រាមផង និងឈ្នះសង្គ្រាមផង។ ដំបូងឡើយ យើងនិយាយពីការឈ្លានពានរបស់សៀម ដែលមានវិសាលភាពធំធេងខ្លាំង ឬអាចនិយាយបានថា ជាព្រឹត្តិការណ៍សង្គ្រាមដ៏ជូរចត់បំផុតរបស់ខ្មែរនាសម័យនោះ ដើម្បីបានជាគតិឱ្យកូនចៅខ្មែរជំនាន់ក្រោយយកទៅសិក្សាស្វែងយល់បន្ថែម។ នៅឆ្នាំ១៥៩៤ សៀមបានវាយបំបែករាជធានីលង្វែករបស់ខ្មែរជាថ្មីម្ដងទៀត បន្ទាប់ពីរាជធានីយសោធរបុរៈ ឬ(ក្រុងអង្គរ)ដួលរលំ។

ការចូលលុកលុយវាយបំបែករាជធានីលង្វែកនាពេលនោះ បានធ្វើឱ្យនគរខ្មែរខាតបង់យ៉ាងធំធេងបំផុត ដោយពួកសៀមបានកៀរគរយកទាំងប្រជាជន វត្ថុបុរាណ ក្បួនតម្រាច្បាប់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកមកជាច្រើនជំនាន់ យកទៅស្រុកវាអស់ និងបានដាក់មន្ត្រីសៀមឱ្យត្រួតត្រាលើនគរខ្មែរថែមទៀតផង។ ប៉ុន្តែក្រោយមក ព្រះរាជាខ្មែរ បានវាយដណ្តើមរំដោះប្រទេសពីការត្រួតត្រា មកក្រោមព្រះហស្ថរបស់ទ្រង់វិញ។ អ្វីដែលកាន់តែធ្ងន់ធ្ងរបំផុតនោះ គឺនៅសតវត្សរ៍ទី១៨-១៩ នគរខ្មែរបានធ្លាក់ជាប្រទេសចំណុះនគរសៀម និងអាណ្ណាមម្ដងទៀត មុនប្រទេសបារាំងសេស ចូលមកគ្រប់គ្រងតំបន់ឥណ្ឌូចិន ដែលក្រោយមកបានជួយឱ្យនគរខ្មែររួចផុតពីក្រញ៉ាំឈ្លានពានរបស់ស្តេចសៀម បានមួយគ្រា។ ប៉ុន្តែការជួយសង្គ្រោះរបស់បារាំងសេស ពេលនោះ ក៏ពុំមែនជាការជួយដោយក្ដីអាណិតអាសូរដែរ តែជាការជួយដោយសម្លឹងមើលឃើញប្រយោជន៍ភោគទ្រព្យដ៏មហាសាលក្នុងដែនដីកម្ពុជាតែប៉ុណ្ណោះ។ រីឯសង្គ្រាមឈ្លានពានរបស់ថៃក្នុងពេលបច្ចុប្បន្ន ក៏បន្តអូសបន្លាយពីសម័យបារាំងគ្រប់គ្រងខ្មែរនេះដែរ ព្រោះពេលបារាំងត្រួតត្រាខ្មែរ បារាំងបានទាមទារយកអាណាខេត្តទាំងបីដែលនគរសៀមឈ្លានពានយក មកឱ្យខ្មែរវិញ ទើបស្តេចសៀមមានកំហឹងជាខ្លាំង និងសម្ងំរកតែឱកាស ដើម្បីវាយដណ្តើមកាន់កាប់។ ជាក់ស្តែង សង្គ្រាមនៅឆ្នាំ២០២៥ ជាឧទាហរណ៍ស្រាប់។

យើងសូមនិយាយបកក្រោយបន្តិច អំពីប្រវត្តិសង្គ្រាមខ្មែរ-សៀម នេះ ដែលស្ថិតក្នុងសម័យរាជធានីលង្វែកដូចគ្នា។ ពុំមែនថា ខ្មែរមិនដែលធ្វើសង្គ្រាមឈ្នះសៀមសោះនោះទេ ចាប់តាំងពីសម័យចក្រភពអង្គរ ដួលរលំ និងចុះឱនភាព ធ្វើឱ្យទឹកដីរួមតូច។ នគរខ្មែរ ក៏ធ្លាប់មានប្រវត្តិវាយបក និងដេញទ័ពសៀមឱ្យដកថយជាច្រើនលើកច្រើនសាដែរ ជាក់ស្តែង នៅ(សម័យលង្វែក/ចតុមុខ) ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ព្រះអង្គបានដឹកនាំកងទ័ពខ្មែរច្បាំងឈ្នះសៀមជាបន្តបន្ទាប់ និងអាចរំដោះទឹកដីខ្មែរភាគខាងលើដែលបាត់បង់មកវិញបានយ៉ាងច្រើន ដូចជា ទឹកដីក្រុងមហានគរ ក្រោយមកប្ដូរឈ្មោះជាខេត្តសៀមរាប, បាត់ដំបង, ពោធិ៍សាត់, បស្ចឹមបុរី, និងខេត្តចន្ទបុរី ជាដើម ក្នុងអំឡុងសតវត្សរ៍ទី១៦ ពោលគឺនៅឆ្នាំ(១៥១៦-១៥៦៦)។ នៅក្នុងឆ្នាំ១៥៤០ ព្រះបាទចន្ទរាជា បានដឹកនាំកងទ័ពខ្មែរវាយឈ្នះទ័ពសៀមចំនួន៥ម៉ឺននាក់នៅតំបន់អង្គរ និងបានកំណត់ឈ្មោះតំបន់នោះថា «សៀមរាប» ដែលមានន័យថា ជាទឹកដីដែលសៀមបានរាបទាបចាញ់ខ្មែរ។ នៅឆ្នាំ១៥៣១ សង្គ្រាមរំដោះខេត្តភាគខាងលិច ព្រះអង្គបានចាត់តាំងវាយដណ្តើមយកខេត្តបស្ចឹមបុរី និងខេត្តចន្ទបុរី នៅពេលដែលទ័ពសៀមកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយនគរហង្សាវត្តី ឬប្រទេសភូមាបច្ចុប្បន្ន ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរវិញ។

សង្គ្រាមរំដោះទឹកដីខេត្តបាត់ដំបង-ពោធិ៍សាត់មួយទៀត នៅឆ្នាំ១៥៥៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលខ្មែរច្បាំងឈ្នះសៀមមានកងទ័ពដល់ទៅ១៤ម៉ឺននាក់ ក្រោមស្នាដៃដឹកនាំរបស់មេទ័ពខ្មែរឈ្មោះឧកញ៉ា ឃ្លាំងមឿង ដែលលោកហ៊ានធ្វើពលិកម្មដ៏ល្បីល្បាញមួយ គឺការកែនទ័ពខ្មោចមកជួយច្បាំងនឹងកងទ័ពសៀម តាមរយៈការលោតចូលក្នុងរណ្តៅដែលមានដោតចម្រឹង បណ្ដាលឱ្យកងទ័ពសៀមរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត។ ទាំងអស់នេះ សុទ្ធតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនគរខ្មែរច្បាំងឈ្នះសៀម ប៉ុន្តែគួរឱ្យស្ដាយ ជ័យជម្នះនេះមិនឋិតថេរយូរអង្វែងឡើយ ព្រោះតែសង្គ្រាមដណ្តើមអំណាចក្នុងជួររាជវង្ស និងការក្បត់គប់គិតជាមួយសត្រូវជាបន្តបន្ទាប់របស់មន្ត្រីរាជការ ដែលឈ្លោះគ្នាប្រជែងរកលាភសក្ការ និងដណ្តើមអំណាចបុណ្យស័ក្តិផងនោះ ធ្វើឱ្យមហានគរធ្លាក់ចុះខ្សោយ និងដុនដាប់ពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន។ ខេត្តខណ្ឌខ្មែរដែលបានវាយរំដោះពីដៃសៀមបានមួយរយៈខ្លីទាំងប៉ុន្មាន ត្រូវបានពួកវាវាយដណ្តើមកាន់កាប់យកវិញម្ដងមួយខេត្តៗ រហូតស្ទើរតែបាត់ឈ្មោះប្រទេសចេញពីផែនទីពិភពលោកថែមទៀតផង បើកុំតែបារាំង បានមកដាក់អាណានិគមលើប្រទេសខ្មែរ តាមការស្នើសុំរបស់ព្រះរាជាទាន់ពេលទេនោះ ខ្មែរអាចនឹងបាត់ឈ្មោះពីផែនទីពិភពលោក ដូចប្រទេសចម៉្បាផងក៏ថាបាន។

សរុបសេចក្តីមក បទវិចារណកថា ដែល SBM News លើកយកល្បើកសង្គ្រាមប្រវត្តិសាស្ត្ររវាងខ្មែរ-សៀម ក្នុងរយៈពេលជាង៥០០ឆ្នាំ មកបរិយាយថ្ងៃនេះ ពុំមែនជាការដុតបញ្ឆេះកំហឹងឱ្យកូនចៅខ្មែរជំនាន់ក្រោយចងអាឃាត ស្អប់ជាតិសាសន៍មួយនេះដល់ឆ្អឹង ឬមានបំណងទៅវាយដណ្តើមយកខេត្តខណ្ឌ ដែលជាអតីតដែនដីខ្មែរពីមុនមកវិញនោះទេ ប៉ុន្តែ..ជាការដាស់ស្មារតី មនសិកាស្នេហាជាតិ ដល់កុលបុត្រកុលធីតាខ្មែរ ជំនាន់ក្រោយឱ្យចេះស្រឡាញ់ទឹកដី ថែរក្សាវប្បធម៌មរតកដូនតា កុំភ្លើតភ្លើន សប្បាយភ្លេចខ្លួន និងកុំល្អជាមួយជាតិសាសន៍ដែលមានប្រវត្តិជាចោរតជំនាន់មួយនេះ ដោយខ្វះការពិចារណា និងការចងចាំប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលពួកគេបានធ្វើមកលើយើង។ អ្វីដែលត្រូវចងចាំ និងទប់ស្កាត់ឱ្យបាន គឺ កុំឈ្លោះគ្នាឯង ដែលនឹងនាំឱ្យសត្រូវជាប់របងផ្ទះ មើលងាយ មានឱកាសចាក់ឆ្កឹះឆ្កៀលដំបៅផ្ទៃក្នុងឱ្យឈាមហូរចេញមកក្រៅ ដែលវានឹងក្លាយជាចំណារប្រវត្តិសាស្ត្រច្រំដែល សម្រាប់ជាតិសាសន៍ធ្លាប់មានឈ្មោះជាមហាអាណាចក្រដ៏ធំ និងមានអំណាចបំផុតមួយក្នុងតំបន់ តែបែរជាមកសល់ដីត្រឹមមួយចំអាម ហើយវាអាចនឹងបាត់បង់បន្ថែមទៀត ប្រសិនបើយើងមិនអាចរកការឯកភាពជាតិ និងសាមគ្គីគ្នាជាធ្លុងមួយ បានទេនោះ៕



