
ក្រុងក្រចេះ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងសកម្មរបស់មន្ត្រីជំនាញ និងការកំណត់បាននូវមុខសញ្ញាមេខ្លោងចែកចាយគ្រឿងញៀន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាមេខ្លោង កាលពីថ្ងៃសៅរ៍ទី៣តុលា នៅចំណុចមាត់ទន្លេ ភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ...។

យោងតាមការឱ្យដឹងពីសមត្ថកិច្ច បានគូសបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងដោយមានមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះផងនោះ លោកវរសេនីយ៍ឯក ជ្រិន សុទ្ធា អធិការនៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀនមួយនៅទីតាំងខាងលើ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបាននាំយករូបគេរួមជាមួយវត្ថុតាង មកកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីច្បាប់។

ចំពោះវត្ថុតាងមួយចំនួនដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ ក្នុងនោះ មាន១១កញ្ចប់តូច និង២កញ្ចប់ធំ ឧបករណ៍សម្រាប់ជក់សារធាតុញៀនមួយចំនួន, ទូរសព្ទដៃចំនួន១គ្រឿង និងថង់សម្រាប់រំលែកសារធាតុញៀនដើម្បីលក់ចែកចាយមួយចំនួន។ បច្ចុប្បន្ន ជនជាប់ចោទបទឧក្រិដ្ឋគ្រឿងញៀន រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តមកកាន់ការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ សារី ណែត



