
រាជធានីប៉េកាំង៖ កងកន្លងមក ធ្លាប់ប្រើក្នុងសង្គ្រាមឈ្លានពានកម្ពុជា តែពេលនេះ យោធាថៃបានបញ្ចេញរថពាសដែក ដើម្បីដឹកជញ្ជូនជនរងគ្រោះ និងអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ខណៈប្រទេសនេះ កំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយទឹកជំនន់...។

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យោធាថៃ បានបញ្ជូនងរថពាសដែកកង់កៅស៊ូ BTR-3S សម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងជួយដល់ប្រតិបត្តិការសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់។ យោធាថៃបានប្រើប្រាស់រថពាសដែក BTR-3S បើកឆ្លងកាត់ចរន្តទឹកហូរខ្លាំង និងផ្លូវដែលលិចទឹក ដើម្បីទៅដល់តំបន់រងគ្រោះ និងជម្លៀសអ្នកជំងឺចេញពីតំបន់គ្រោះមហន្តរាយ ហើយដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យក្នុងខេត្តព្រះជិនបុរី (Prachinburi)។

ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញសេចក្តីព្រមានដល់ខេត្តចំនួន៦ អំពីការកើនឡើងកម្ពស់ទឹកទន្លេចៅព្រះយ៉ា (Chao Phraya) ប្រមាណពី២០ ទៅ ៦០សង់ទីម៉ែត្រ។ ការកើនឡើងកម្ពស់ទឹកដែលបានព្យាករណ៍នេះ គឺបណ្ដាលមកពីផែនការបង្ហូរ និងរំដោះទឹកបន្ថែមទៀតចេញពីទំនប់ចៅព្រះយ៉ា ដើម្បីគ្រប់គ្រងបរិមាណទឹកនៅផ្នែកខាងលើ និងដោយសារការព្យាករណ៍អាចមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ ខេត្តទាំង៦ ដែលជាប់បញ្ជីក្រហមក្នុងប្រព័ន្ធប្រកាសអាសន្ន រួមមាន៖ ខេត្តជ័យនាថ (Chai Nat), សិង្ហ បុរី (Sing Buri), អាងថង (Ang Thong), ព្រះនគរស្រីអាយុធ្យា (Phra Nakhon Si Ayutthaya), បទុមធានី (Pathum Thani) និងខេត្តនន្ទបុរី (Nonthaburi) ជាពិសេសប្រជាពលរដ្ឋរស់នៅតាមសហគមន៍ទាបៗជាប់មាត់ទន្លេ៕







