
រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ បានអនុម័តលើការពន្យារពេលអនុវត្តច្បាប់សន្តិសុខផ្ទៃក្នុង ឆ្នាំ២០០៨ រយៈពេល១ឆ្នាំបន្ថែមទៀត នៅតាមស្រុកចំនួន១៩ នៃខេត្តភាគខាងត្បូងចំនួន៤ ជាប់ព្រំដែនម៉ាឡេស៊ី នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យរងរាជរដ្ឋាភិបាល លោកស្រី លលិតា ភ្រីសវិវឌ្ឍន៍ (ลลิดา เพริศวิวัฒน) កាលពីថ្ងៃអង្គារថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ទន្ទឹមនឹងខេត្តភាគខាងត្បូងទាំង៤ បាននិងកំពុងបន្កភាពចលាចល និងការវាយប្រហារឥតល្អែរ ដោយក្រុមបំបែករដ្ឋម៉ាឡេ-មូស្លីម...។

គណៈរដ្ឋមន្ត្រីថៃ បានទទួលស្គាល់ការវាយតម្លៃផ្នែកសន្តិសុខ និងបានព្រមព្រៀងពន្យារការកំណត់តំបន់ទាំងនោះជាដែនដីដែលមានហេតុការណ៍ប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុង។ ការពន្យារពេលនេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន និងប្រតិបត្តិការរក្សាសុវត្ថិភាពសាធារណៈ។ ស្រុកទាំង១៩ ដែលស្ថិតក្រោមការអនុវត្តច្បាប់នេះ រួមមាន៖ ខេត្តនរាធិវាស មាន៣ស្រុក៖ ខេត្តប៉ាតានី មាន៧ស្រុក, និងខេត្តសង្ឃរា ឬស៊ុងក្លា មាន៤ស្រុក។ លោកស្រី លលិតា ពន្យល់ថា ការពន្យារពេលនេះគ្របដណ្ដប់លើស្រុកចំនួន១៩ដដែល។ ការវាយតម្លៃដោយបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) បានរកឃើញថា ប្រតិបត្តិការសម្របសម្រួលដោយភ្នាក់ងារមូលដ្ឋាន រួមជាមួយកិច្ចខិតខំប្រឹងប្រែងតាមដាន និងចាប់ខ្លួនជនបង្កហិង្សា បានធ្វើឱ្យក្រុមសកម្មប្រយុទ្ធជួបការលំបាកក្នុងការបង្កើតសកម្មភាពហិង្សា។

ទោះជាយ៉ាងណាក៏ដោយ ភាពចលាចលនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន ការវាយតម្លៃបានសន្និដ្ឋានថា វិធានការក្រោមច្បាប់សន្តិសុខផ្ទៃក្នុងនេះ នៅមានភាពចាំបាច់ដើម្បីអនុញ្ញាតឱ្យមន្ត្រីបន្តបេសកកម្មការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ គណៈរដ្ឋមន្ត្រី ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាការអនុវត្តច្បាប់សន្តិសុខផ្ទៃក្នុងបន្តទៀត។ លោកស្រី លលិតា បានបញ្ជាក់បន្ថែមថា ច្បាប់នេះ ត្រូវអនុវត្តចំពោះតំបន់ដែលនៅតែជួបប្រទះហេតុការណ៍អសន្តិសុខ ប៉ុន្តែមិនទាន់ដល់កម្រិតចាំបាច់ ត្រូវប្រកាសអាសន្នសង្គ្រោះបន្ទាន់នោះឡើយ។ សូមជម្រាបថា ការប្រកាសបន្តអនុវត្តច្បាប់សន្តិសុខផ្ទៃក្នុងរយៈពេល១ឆ្នាំបន្ថែមទៀត កើតឡើងក្រោយក្រុមផ្តាច់ខ្លួននៃអតីតអាណាចក្រស៊ុលតង់ប៉ាតានី ជនជាតិម៉ាឡេ-មូស្លីម បានប្រកាសប្តេជ្ញាចិត្ត នឹងបន្តប្រយុទ្ធតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីឯករាជ្យភាពរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា តំបន់ភាគខាងត្បូងនៃប្រទេសថៃ កាលពីមុនជាដែនដីមួយនៃអាណាចក្រស៊ុលតង់ប៉ាតានី ម៉ាឡេ-មូស្លីម ប៉ុន្តែត្រូវបានប្រទេសថៃ (កាលនោះមានឈ្មោះថា សៀម) បានវាយដណ្តើមកាន់កាប់ និងដាក់បញ្ចូលជាទឹកដីរបស់ខ្លួន នៅដើមទសវត្សរ៍ឆ្នាំ១៩០០ តរហូតមកដល់ពេលបច្ចុប្បន្ន៕



