
ក្រុងសិរីសោភណ្ឌ៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាជនរងគ្រោះដោយទឹកជំនន់ ព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ ហៅ«អ្នកតាភ្នំ» គង់នៅវត្តស្វាយថ្មី (វត្តតាហី) ដែលសកម្មនឹងការចុះជួយដោះទុក្ខធុរៈវីរកងទ័ពជួរមុខ និងជនភៀសសឹក កំលុងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជានោះ ពេលនេះ លេចវត្តមានព្រះអង្គជាថ្មី តាមរយៈការនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងស្បៀងអាហារ ផ្ដល់ជូនជនរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ...។

ក្រោយទឹកជំនន់ហូរជន់ខ្លាំងនៅខេត្តបន្ទាយមានជ័យ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់រងនូវការជន់លិចជាខ្លាំង ជាពិសេសនៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។ ដោយមើលឃើញពីតុក្ខលំបាករបស់ពលរដ្ឋបែបនេះ ព្រះភិក្ខុ ណុប ភីរៈ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងស្បៀងអាហារ ចុះចែកបងប្អូនជនរងគ្រោះ ក្នុងអំឡុងពេលរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានមកដល់។ សូមជម្រាបថា បើតាមរបាយការណ៍បណ្តោះអាសន្នរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជនរងគ្រោះដោយទឹកជំនន់នៅបណ្តាក្រុង-ស្រុកទាំង៩របស់ខេត្ត មានឃុំ-សង្កត់រងផលប៉ះពាល់ចំនួន៤៥ ភូមិចំនួន៣០១ ប៉ះពាល់ខ្នងផ្ទះប្រជាពលរដ្ឋជាង១៧ម៉ឺនគ្រួសារ។ ក្នុងនោះ ក៏មានប៉ះពាល់ដំណាំកសិកម្ម ដូចជា ស្រូវចំនួនជាង៣០ម៉ឺនហិកតា(ខូចខាតជាង១ពាន់ហិកតា) និងដំឡូងមី ជាង២០០ហិកតា។

នៅចំពោះមុខស្ថានការណ៍ដ៏លំបាកនេះ អាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ខេត្ត បាននិងកំពុងយកចិត្តទុកដាក់លើការចុះអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ។ ទន្ទឹមនឹងសកម្មភាពចុះជួយរបស់អាជ្ញាធរដែនដី ព្រះភិក្ខុ ណុប ភីរៈ ហៅ«អ្នកតាភ្នំ» ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដោយបានជួយសម្រាលទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំផងដែរ តាមរយការបិណ្ឌបាតពីសប្បុរសជននានា នៅទូទាំងប្រទេស និងនៅឯបរទេសផងដែរ។ ព្រះអង្គ បានខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ដើម្បីស្វែងរកស្បៀងអាហារ មានដូចជា គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់ផ្សេងៗ ដោយដឹកជញ្ជូនតាមទូកយកទៅចែកជូនផ្ទាល់ដៃពលរដ្ឋនៅទីទួលសុវត្ថិភាព និងតាមផ្ទះពលរដ្ឋដែលមានការជន់លិច។

តាមសកម្មភាពនេះ ព្រះភិក្ខុ ណុប ភីរៈ បានបើកគោយន្តកាត់ទឹកជ្រៅ ដឹកស្បៀងអាហារតម្រង់ឆ្ពោះទៅកាន់ផ្ទះលរដ្ឋដែលកំពុងរងការបិទខ្ទប់ដោយទឹកជំនន់។ ដោយមើលឃើញសកម្មភាពព្រះអង្គប្រកបដោយក្ដីមេត្តាធម៌ដ៏ជ្រាលជ្រៅនេះ បានធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាទានជ្រះថ្លា ប្រគេននូវចតុបច្ច័យ៤ដល់ព្រះអង្គ ដើម្បីជួយឧបត្ថម្ភទៅដល់ជនរងគ្រោះបន្ត។ គួររម្លឹកផងដែរថា ព្រះភិក្ខុ ណុប ភីរៈ ឬ«អ្នកតាភ្នំ» តែងមានវត្តមានជានិច្ចនៅក្នុងកិច្ចការងារសង្គម និងមនុស្សធម៌។ កន្លងមក ព្រះអង្គធ្លាប់បានចុះជួយដល់ជនភៀសសឹក ព្រមទាំងឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅសមរភូមិមុខជាញឹកញាប់៕ រាយការណ៍ដោយ៖ ឈុន មករា




