ឥណ្ឌា-នេប៉ាល់ លិចលង់ធ្ងន់ធ្ងរ ខណៈកម្ពស់ទឹកទន្លេធំៗហក់ឡើងដល់កម្រិតប្រកាសអាសន្ន
N
Nary Vann
•
12 ម៉ោងមុន

រដ្ឋធានីញូវដេលី៖ ភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់ព្យុះខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់ និងបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅផ្នែកខ្លះនេះប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សយ៉ាងតិច១៩នាក់ និងបាត់ខ្លួនកម្មករ១០នាក់ ខណៈកម្ពស់ទឹកទន្លេធំៗបានហក់ឡើងលើសកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងរដ្ឋយូតាប្រាដេស Uttar Pradesh របស់ប្រទេសឥណ្ឌា មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស ក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះ ព្រមទាំងបានធ្វើឱ្យខូចខាតផ្ទះសម្បែងចំនួន១១៧ខ្នង។ ការធ្លាក់ភ្លៀង និងព្យុះបានវាយប្រហារលើស្រុកចំនួន៦៣ ដោយរដ្ឋមួយនេះ បានកត់ត្រាបរិមាណទឹកភ្លៀងកើនឡើងរហូតដល់១៩ដង បើប្រៀបធៀបនឹងកម្រិតធម្មតាក្នុងរយៈពេល២៤ម៉ោង។ អាជ្ញាធររបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ស្ថានីយតាមដានទន្លេចំនួន៣០កន្លែងក្នុងរដ្ឋចំនួន៧ កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នធ្ងន់ធ្ងរ ខណៈទន្លេធំៗជាច្រើន បានហក់ឡើងលើសកម្រិតគ្រោះថ្នាក់។

ដោយឡែក នៅប្រទេសនេប៉ាល់ឯនោះវិញ មនុស្ស៤នាក់ រួមមានកុមារ៣នាក់ និងស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីគ្រោះបាក់ដីសង្កត់លើផ្ទះរបស់ពួកគេ។ បន្ថែមពីនេះ កម្មករជនជាតិនេប៉ាល់ចំនួន១០នាក់ បានបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ផ្ទាំងទឹកកក កប់ផ្តាច់ជំរំនៅជើងភ្នំមួយកន្លែង។ អាជ្ញាធរនេប៉ាល់បានចេញការព្រមានពីគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងស្រុកចំនួន៤៩ ក្នុងចំណោម៧៧ស្រុកនៅទូទាំងប្រទេស។ ជាមួយគ្នានោះ ទឹកជំនន់ ក៏បានធ្វើឱ្យខូចខាតដល់រោងចក្រវារីអគ្គិសនីកម្លាំង៤០មេហ្គាវ៉ាត់ និងកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងអុបទិក ព្រមទាំងបណ្តាញអគ្គិសនីនៅតំបន់ជាច្រើនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត