ប៉ាគីស្ថាន បើកការវា.យ.ប្រ.ហា.រតាមអាកាសលើអាហ្គានីស្ថាន ស.ម្លា.ប់មនុស្ស៤នាក់
ហៀប ស៊ីថេត
•
24 កញ្ញា 2026 05:50 PM

អ៊ីស្លាម៉ាបាដ-កាប៊ុល៖ ប្រទេសប៉ាគីស្ថាន បានអះអាងថា កងទ័ពអាកាសរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងចំនួន១០ ក្នុងប្រទេសអាហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញានេះ ដោយសារទីតាំងទាំងនោះត្រូវបានប្រើប្រាស់សម្រាប់រក្សាទុក និងបង្ហោះដ្រូន ដែលមួយចំនួនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើប៉ាគីស្ថានកាលពីពេលថ្មីៗ...។

ជាការឆ្លើយតប រដ្ឋាភិបាលរដ្ឋធានីកាប៊ុល បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះ បានបណ្ដាលឱ្យជនស៊ីវិលចំនួន៤នាក់បាត់បង់ជីវិត។ មែនទែនទៅ ប្រទេសជិតខាងកាន់សាសនាងអ៊ិស្លាមទាំង២នេះ បានបង្កាត់ភ្លើងជម្លោះ និងភាពរកាំរកូសដាក់គ្នាកាន់តែខ្លាំងឡើង ជុំវិញការកើនឡើងនៃក្រុមប្រដាប់អាវុធនៅតាមតំបន់ព្រំដែនភាគខាងលិច និងភាគពាយ័ព្យ។ រដ្ឋធានីអ៊ីស្លាម៉ាបាដ បានចោទប្រកាន់រដ្ឋធានីកាប៊ុលថាបានផ្តល់ជម្រកដល់ក្រុមប្រដាប់អាវុធអ៊ិស្លាមទាំងនោះ ដែលតែងតែឆ្លងដែន និងវាយប្រហារលើទឹកដីប៉ាគីស្ថាន។ ទោះជាយ៉ាងណា រដ្ឋាភិបាលតាលីបង់របស់អាហ្គានីស្ថាន បានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថា បញ្ហាក្រុមប្រដាប់អាវុធគឺជាកិច្ចការផ្ទៃក្នុងរបស់ប៉ាគីស្ថានប៉ុណ្ណោះ។

លោក អាតាអ៊ូឡាហ៍ តារា (Attaullah Tarar) រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន បានសរសេរលើបណ្តាញសង្គម X ថា ប្រព័ន្ធការពារអាកាសរបស់ប៉ាគីស្ថាន បានរកឃើញដ្រូន ដែលត្រូវបានបង្ហោះចេញពីទឹកដីអាហ្គានីស្ថាន កាលពីថ្ងៃពុធទី២៣ ខែកញ្ញា ហើយត្រូវបានតាមដាន និងបាញ់កម្ទេចចោលមុនពេលពួកវាអាចទៅដល់គោលដៅ។ លោកបានបន្ថែមថា ប៉ាគីស្ថាន ក៏បានបើកការវាយប្រហារតាមអាកាស និងដ្រូនចំគោលដៅយ៉ាងច្បាស់លាស់លើទីតាំងចំនួន១០ ដែលត្រូវបានកំណត់ថា ជា គោលដៅយោធាពាក់ព័ន្ធនឹងការប៉ុនប៉ងវាយប្រហារមកលើខ្លួន។ លោករដ្ឋមន្ត្រីរូបនេះបានប្រកាសអាសន្នថា៖«រាល់សកម្មភាពប៉ះពាល់ ឬរុគាំទ្របន្ថែមទៀតពីសំណាក់ក្រុមតាលីបង់អាហ្គានីស្ថាន នឹងត្រូវជួបប្រទះការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត»។

លោក ហ្សាប៊ីអ៊ូឡាហ៍ មូចាហ៊ីត (Zabihullah Mujahid) អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានប្រតិកម្មថា ការរវាយប្រហារតាមអាកាសនៅថ្ងៃព្រហស្បតិ៍នេះ កើតឡើងនៅក្នុងខេត្តកាន់ដាហារ (Kandahar), ប៉ាកទី (Paktia) និងខូស្ត (Khost) ដោយលោកបានព្រមានពីការឆ្លើយតបវិញក្នុងកម្រិតសមស្របណាមួយ។ លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពខ្វះការប្រុងប្រយ័ត្ន និងបង្កជម្លោះបែបនេះ ប្រាកដជានឹងធ្វើឱ្យប្រជាជនអាហ្គានីស្ថានខឹងសម្បារ ហើយវានឹងនាំមកនូវផលវិបាកមិនល្អសម្រាប់កងទ័ពប៉ាគីស្ថាន»។ គួរបញ្ជាក់ថា ជម្លោះរវាងប្រទេសទាំង២ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជិត៣ខែ ដោយសារការវាយប្រហារលើទីតាំងនគរបាលមួយកន្លែងនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៤នាក់។ នេះជាសញ្ញាចុងក្រោយបង្អស់នៃការកើនឡើងកម្ដៅរវាងប្រទេសជិតខាងទាំង២ ដែលធ្លាប់តែជាសម្ព័ន្ធមិត្តនឹងគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត