
រដ្ឋធានីញូវដេលី៖ ឥណ្ឌា និងប៉ាគីស្ថាន បានថ្លែងកាលពីថ្ងៃពុធថា បានកោះហៅមន្ត្រីទូតជាន់ខ្ពស់រៀងៗខ្លួន ដើម្បីធ្វើការតវ៉ាយ៉ាងក្ដៅគគុក បន្ទាប់ពីនាវាចម្បាំងរបស់ឥណ្ឌា និងប៉ាគីស្ថាន បុកទង្គិចគ្នាយ៉ាងពេញទំហឹងនៅក្នុងដែនទឹកអន្តរជាតិ...។

ក្រសួងការបរទេសឥណ្ឌា គូសបញ្ជាក់ថា ខ្លួនបានកោះហៅប្រមុខបេសកកម្មទូតប៉ាគីស្ថាន មកចោទប្រកាន់ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកាយវិការគ្មានចំណេះដឹង និងទង្វើអសីលធម៌យោធាយ៉ាងធ្ងន់ធ្ងររបស់កងទ័ពជើងទឹកប៉ាគីស្ថាន ដែលបានបង្កហេតុឱ្យមានការបុកទង្គិចគ្នាជាមួយនាវាចម្បាំងឥណ្ឌា។ ក្រសួងការបរទេសឥណ្ឌា បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖«មន្ត្រីទូតប៉ាគីស្ថាន ត្រូវបានព្រមាន និងបង្គាប់ឱ្យរាយការណ៍ទៅអាជ្ញាធរប៉ាគីស្ថាន អំពីភាពចាំបាច់ខានមិនបានក្នុងការគោរពកិច្ចព្រមព្រៀង ដើម្បីចៀសវាង កុំឱ្យកើតមានព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់បែបនេះសាជាថ្មី»។

ទន្ទឹមគ្នា ក្រសួងការបរទេសប៉ាគីស្ថាន ក៏បានកោះហៅប្រមុខស្តីទីនៃស្ថានទូតឥណ្ឌាប្រចាំរដ្ឋធានីឥស្លាម៉ាបាដ ទៅតវ៉ា និងសម្ដែងការខឹងសម្បារយ៉ាងខ្លាំងផងដែរ ចំពោះអ្វីដែលខ្លួនហៅថាជា«ទង្វើគឃ្លើន ឈ្លានពាន និងខ្វះការទទួលខុសត្រូវ» ពីសំណាក់នាវាចម្បាំងឥណ្ឌា។ ជាមួយគ្នា ក្រសួងការបរទេសប៉ាគីស្ថាន បានវាយបកវិញយ៉ាងចាស់ដៃថា នាវាចម្បាំងឥណ្ឌាទេ ដែលជាអ្នកបើកបុក និងធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ខ្លាំង នៅកៀកនាវាចម្បាំងប៉ាគីស្ថាន ដែលកំពុងធ្វើសមយុទ្ធ២ឆ្នាំម្ដង។ នេះបង្ហាញថា ភាគីទាំង២ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកយ៉ាងក្ដៅគគុក ចំពោះការប៉ះទង្គិចគ្នានេះ។

ប្រភពពីភាគីឥណ្ឌា បង្ហាញថា ការបុកគ្នានេះបានកើតឡើងនៅពេលដែលនាវាចម្បាំងប៉ាគីស្ថាន បើកក្នុងល្បឿនលឿន ចូលមកជិតនាវាចម្បាំងស្រោបដែករបស់ឥណ្ឌា ដែលកំពុងល្បាតតាមកាតព្វកិច្ចធម្មតានៅភាគខាងជើងសមុទ្ទអារ៉ាប់។ នេះគឺជាការប៉ះទង្គិចគ្នាចុងក្រោយ រវាងប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវរយៈពេល៤ថ្ងៃ កាលពីឆ្នាំមុន ដែលស្ទើរតែរុញច្រានតំបន់ទាំងមូលឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមទ្រង់ទ្រាយធំ។

ទោះបីជាការប៉ះទង្គិចគ្នានេះ មិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់អាយុជីវិតក៏ដោយ ប៉ុន្តែឥណ្ឌាបានចោទថា សកម្មភាពរបស់ប៉ាគីស្ថាន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង ឆ្នាំ១៩៩១ ដែលគ្រប់គ្រងលើការធ្វើសមយុទ្ធ និងការផ្លាស់ទីកងទ័ពរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនោះ បានចែងយ៉ាងច្បាស់ថា នាវាចម្បាំង និងនាវាមុជទឹកនៃប្រទេសទាំង២ ត្រូវតែរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ៣ម៉ាយល៍ពីគ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ ឬការប៉ះទង្គិចគ្នានៅក្នុងដែនទឹកអន្តរជាតិ៕




