ប៉ាគីស្ថាន ទម្លាក់គ្រា.ប់បែ.កមួយក្ឌាំងធំលើអាហ្វហ្កានីស្ថាន ធ្វើឱ្យកម្ដៅព្រំដែនផ្ទុះឡើងជាថ្មី ក្រោយស្ងាត់បាន៣ខែ
ហៀប ស៊ីថេត
•
11 ម៉ោងមុន

រដ្ឋធានីកាប៊ុល៖ រដ្ឋាភិបាលអាហ្វហ្កានីស្ថានគ្រប់គ្រងដោយក្រុមតាលីបង់ បានប្រកាសថា ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន លើទឹកដីអាហ្វហ្កានីស្ថាន នៅថ្ងៃព្រហស្បតិ៍ទី១ ខែតុលា បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងបានសម្លាប់មនុស្សចំនួន៩នាក់។ ប៉ុន្តែ ខាងប៉ាគីស្ថាន អះអាងថា ការវាយប្រហារនេះ បានសម្លាប់ក្រុមភេរវករចំនួន២២នាក់។ ការប៉ះទង្គិចគ្នារវាងប្រទេសក្បែរខាងទាំង២នេះ បានកើនឡើងកម្ដៅជាថ្មី បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេល៣ខែ។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីអ៊ូឡាហ៍ មូចាហ៊ីត (Zabihullah Mujahid) បានសរសេរលើបណ្តាញសង្គម X ថា មនុស្សដែលបានស្លាប់នៅក្នុងការវាយប្រហារលើខេត្តគូណារ (Kunar) និងខេត្តហែលម៉ែនដ៍ (Helmand) របស់ប្រទេសអាហ្វហ្កានីស្ថាន រួមមាន៖ ស្ត្រី និងកុមារ ព្រមទាំងបង្កឱ្យមនុស្ស១១នាក់ផ្សេងទៀតរងរបួស។ លោកបានថ្លែងថា៖«យើងសូមថ្កោលទោសទង្វើនេះថាជាអំពើឈ្លានពាន និងជាបទល្មើសដែលរំលោភលើគោលការណ៍ទទួលស្គាល់ជាសកលទាំងអស់»។

លោក ហ្សាប៊ីអ៊ូឡាហ៍ មូចាហ៊ីត (ZabihullahMujahid)
លោក ហ្សាប៊ីអ៊ូឡាហ៍ មូចាហ៊ីត (ZabihullahMujahid)

ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មានរបស់ប៉ាគីស្ថាន បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះ គឺផ្អែកលើព័ត៌មានសម្ងាត់ច្បាស់ការ និងបានតម្រង់គោលដៅលើជម្រកភេរវករនៅទីតាំងចំនួន២។ ក្រសួងដដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X ថា៖«គោលដៅត្រូវបានកម្ទេចយ៉ាងច្បាស់លាស់ ហើយរបាយការណ៍បឋមបានបង្ហាញពីការសម្លាប់ភេរវករចំនួន២២នាក់។ អាវុធ និងកាំភ្លើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានស្តុកទុកនៅក្នុងជម្រកសម្ងាត់ទាំងនោះ ក៏ត្រូវបានកម្ទេចចោលផងដែរ»។

សូមជម្រាបថា អតីតមិត្តភក្តិដែលបានក្លាយជាសត្រូវនឹងគ្នានេះ បានមើលមុខគ្នាមិនចំកាន់តែខ្លាំងឡើងជុំវិញបញ្ហាក្រុមសកម្មប្រយុទ្ធ ដោយរដ្ឋធានីអ៊ីស្លាម៉ាបាដ បានចោទប្រកាន់រដ្ឋធានីកាប៊ុលថា បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ ដែលបានបើកការវាយប្រហារឆ្លងដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត