
រដ្ឋធានីសេអ៊ូល៖ សមាជិករដ្ឋសភាកូរ៉េខាងត្បូងម្នាក់ បានថ្លែងនៅថ្ងៃពុធទី៣០ ខែកញ្ញា នេះថា កូរ៉េខាងត្បូង មិនបានសន្យាផ្តល់ជំនួយយោធាដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ជាថ្នូទទួលបានទាហានកូរ៉េខាងជើង២នាក់ដែលត្រូវគេចាប់ខ្លួននោះទេ។

លោក យូ យឹងហា (Yoo Yeong-ha) សមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចប្រជាជន ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារព័ត៌មានសម្ងាត់ជាតិ (NIS) ថា អ៊ុយក្រែនមិនបានដាក់លក្ខខណ្ឌតម្រូវជាមុនណាមួយ លើការបញ្ជូនខ្លួនទាហាន២នាក់ ដែលត្រូវគេចាប់ខ្លួនអំឡុងពេលប្រយុទ្ធគ្នា នៅតំបន់ឃឺសរបស់រុស្ស៊ីនោះឡើយ។ លោក យូ បានលើកឡើងដោយផ្អែកលើ NIS ថា រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់បានសុំទោស ឬសម្ដែងការសោកស្ដាយ ចំពោះការទម្លាយព័ត៌មាននេះនៅឡើយទេ ខណៈភាគីអ៊ុយក្រែនបានអះអាងថា មិនដែលមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ណាមួយកើតឡើងដែរ។ ក្រោមច្បាប់របស់កូរ៉េខាងត្បូង ភ្នាក់ងារ NIS នឹងធ្វើការស៊ើបអង្កេតលើបេក្ខជននៅក្នុងមណ្ឌលឃុំឃាំងបណ្តោះអាសន្ន ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ហេតុផលនៃការចាកចេញពីកូរ៉េខាងជើង និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសន្តិសុខ។

លើសពីនេះ លោក យូ បន្ថែមថា លោក ហ្សេឡេនស្គី អាចប្រកាសពីការប្រគល់ខ្លួនទាហានកូរ៉េខាងជើងនេះ ដោយសារតែលោកសង្ឃឹមថា វានឹងជួយកៀងគរការគាំទ្រពីសាធារណជនកូរ៉េខាងត្បូង ក្នុងការផ្ដល់អាវុធ និងជំនួយផ្សេងៗទៀត ដល់អ៊ុយក្រែន។ ការណ៍នេះ កើតឡើងក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា អ៊ុយក្រែនបានបញ្ជូនទាហានកូរ៉េខាងជើង២នាក់ ដែលចាប់ខ្លួនបាន ទៅឱ្យកូរ៉េខាងត្បូង។ សូមជម្រាបថា កូរ៉េខាងត្បូង គឺជាប្រទេសផលិតអាវុធដ៏ធំមួយ ដែលបានប្រឈមមុខនឹងសម្ពាធពីបណ្តាប្រទេសលោកខាងលិចមួយចំនួន និងរដ្ឋធានីកៀវ ឱ្យផ្តល់អាវុធសង្គ្រាមដល់អ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋធានីសេអ៊ូល បានផ្តោតតែលើជំនួយមិនមែនជាអាវុធប៉ុណ្ណោះ រួមទាំងឧបករណ៍ដោះមីនជាដើម៕





