
រដ្ឋធានីសេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសពីភាគីអ៊ុយក្រែន ដោយចោទប្រកាន់រដ្ឋធានីកៀវ (Kyiv) ថា បានទម្លាយព័ត៌មានពីការផ្ទេរអ្នកទោសសង្គ្រាម ឬឈ្លើយសឹកកូរ៉េខាងជើង២រូប ទៅកាន់កូរ៉េខាងត្បូង។ អ្វីដែលធ្វើឱ្យកូរ៉េខាងត្បូងកាន់តែក្ដៅស្លឹកត្រចៀកនោះ គឺ អ៊ុយក្រែនបានអះអាងថា ភាគីទាំង២មិនបានព្រមព្រៀងគ្នារក្សាការសម្ងាត់នោះទេ។

លោក សឹង ជីហុង (Seong Ghi-hong) អនុប្រធានខុទ្ទការល័យទទួលបន្ទុកកិច្ចការសាធារណៈ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៧ ខែកញ្ញាថា៖«ការិយាល័យប្រធានាធិបតី សម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការទម្លាយព័ត៌មានជាឯកតោភាគីរបស់អ៊ុយក្រែន និងការប្រកាសមិនពិតម្ដងហើយម្ដងទៀត ថា មិនមានកិច្ចព្រមព្រៀងមិនទម្លាយព័ត៌មាន(NDA) [រវាងភាគីទាំង២]ឡើយ»។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងពិនិត្យមើលវិធានការបន្ថែមលើបញ្ហានេះ ប្រសិនបើចាំបាច់។

លោក សឹង បានកត់សម្គាល់ថា អ៊ុយក្រែនបានពិភាក្សាម្ដងហើយម្ដងទៀត អំពីការផ្ទេរអ្នកទោសជាមួយមេដឹកនាំរដ្ឋធានីសេអ៊ូល តាមរយៈច្រកផ្លូវផ្សេងៗ ហើយបានស្នើសុំរក្សាការសម្ងាត់ ដោយលើកហេតុផលថា ការទម្លាយជាសាធារណៈអាចបង្កឱ្យមានការរិះគន់ក្នុងស្រុក ថា រដ្ឋធានីកៀវ បានបោះបង់ឱកាសក្នុងការផ្លាស់ប្ដូរទាហានទាំងនោះជាមួយនឹងអ្នកទោសអ៊ុយក្រែន។ អនុប្រធានខុទ្ទការល័យរូបនេះ បានបញ្ជាក់ថា កូរ៉េខាងត្បូង បានយល់ព្រមរក្សាការផ្ទេរនេះជាការសម្ងាត់ ដោយសារព្រួយបារម្ភអំពីសន្តិសុខ ការទូត និងមនុស្សធម៌ រួមទាំងសុវត្ថិភាពរបស់អ្នកទោស និងគ្រួសាររបស់ពួកគេផងដែរ។

ជាមួយគ្នា កាលពីប៉ុន្មានថ្ងៃមុន លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យ៉ុង (Lee Jae Myung) បានបង្ហាញថា អ៊ុយក្រែនបានរំលោភលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ក្រោយទម្លាយព័ត៌មានពីការផ្ទេរឈ្លើយទាហាន។ នៅក្នុងអត្ថបទមួយលើបណ្តាញ X លោក លី បានសរសេរថា ៖«[..]ខ្ញុំមិនដឹងថា មានកាលៈទេសៈអ្វីដែលនាំឱ្យភាគីអ៊ុយក្រែនទម្លាយរឿងនេះទេ ទោះបីជាមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ក៏ដោយ ប៉ុន្តែវាជារឿងដែលគួរឱ្យសោកស្ដាយយ៉ាងខ្លាំង»។ ការណ៍នេះ កើតឡើង ក្រោយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា អ៊ុយក្រែនបានផ្ទេរឈ្លើយទាហានកូរ៉េខាងជើង២នាក់ ដែលចាប់ខ្លួនបាន ទៅកាន់ប្រទេសកូរ៉េខាងត្បូង៕



