
អន្តរប្រទេស៖ កងទ័ពអាកាសហ្វាំងឡង់ បានប្រកាសនៅថ្ងៃសុក្រទី២៥ ខែកញ្ញានេះថា យន្តហោះចម្បាំងរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវបានបញ្ជាឱ្យហោះចេញជាបន្ទាន់ ដើម្បីបណ្តេញ ស្ទាក់ចាប់ និងកំណត់អត្តសញ្ញាណយន្តហោះយោធារុស្ស៊ី នៅក្នុងដែនអាកាសអន្តរជាតិ លើឈូងសមុទ្ទហ្វាំងឡង់...។

កងទ័ពអាកាសហ្វាំងឡង់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះស្ថិតក្រោមក្របខណ្ឌយោធារួមគ្នារវាងហ្វាំងឡង់ និងស៊ុយអែត ក្នុងការឃ្លាំមើល និងការពារដែនអាកាសនៃប្រទេសទាំង២។ នៅក្នុងបេសកកម្មនេះ កងទ័ពហ្វាំងឡង់ បានប្រើប្រាស់យន្តហោះចម្បាំង F/A-18 Hornet ហើយស៊ុយអ៊ែត បញ្ចេញយន្តហោះចម្បាំង JAS 39 Gripen។ យន្តហោះចម្បាំងរបស់ប្រទេសទាំង២ បានស្ទាក់ចាប់ និងកំណត់អត្តសញ្ញាណក្បួនយន្តហោះរុស្ស៊ីមួយក្រុម រួមមាន៖ យន្តហោះដឹកជញ្ជូនប្រភេទ Tu-134, យន្តហោះចម្បាំង MiG-31 និងយន្តហោះចម្បាំង Su-30 នៅលើដែនអាកាសអន្តរជាតិលើឈូងសមុទ្ទហ្វាំងឡង់។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងហ្វាំងឡង់ និងស៊ុយអែត ជួយពង្រឹងសន្តិសុខនៅភាគខាងជើង និងនៅប៉ែកខាងកើតនៃអង្គការណាតូ (NATO) ព្រមទាំងបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នារវាងប្រទេសទាំង២ ក្នុងគ្រប់ស្ថានភាព ទាំងក្នុងគ្រាសន្តិភាព និងកំលុងពេលមានអាសន្ន ឬមានការរំខានផ្សេងៗ៕




