ត្រាំ ទាត់ចោលសំណើសន្តិភាពអ៊ីរ៉ង់ ដោយអះអាងថា «អ៊ីរ៉ង់កំពុងអស់ផ្លូវដើរ»
N
Nary Vann
•
17 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្កានៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា លោកបានច្រានចោលសំណើសន្តិភាពរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ និងការបញ្ឈប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដោយលោកអះអាងថា រដ្ឋធានីតេហេរ៉ង់កំពុងតែធ្លាក់ក្នុងស្ថានភាពទាល់ច្រក និងចាញ់ប្រៀបអាម៉េរិកយ៉ាងធ្ងន់ធ្ងរ។  

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

សំណើនេះត្រូវបានអ៊ីរ៉ង់លើកឡើងនាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយបានផ្ញើតាមរយៈកាតារជាអ្នកសម្របសម្រួល ដែលអះអាងថាខ្លួនអាចបើកច្រកសមុទ្ទហ័រមូស្ស និងផ្អាកការវាយប្រហារគ្នាក្នុងតំបន់ក្នុងរយៈពេល៧ថ្ងៃ។ ទោះជាយ៉ាងណា លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖«ខ្ញុំបដិសេធសំណើរបស់ពួកគេ... ខ្ញុំមិនព្រមទទួលយកកិច្ចព្រមព្រៀងនេះទេ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញភ្លាមៗ ដោយសារតែពួកគេកំពុងចាញ់យ៉ាងធ្ងន់ធ្ងរ និងគ្មានចំណូលចូល ព្រោះប្រភពប្រាក់របស់ពួកគេគឺចេញពីច្រកសមុទ្ទនេះ»។

ប្រភពសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា លោក ត្រាំ សង្ស័យថារដ្ឋធានីតេហេរ៉ង់នឹងមិនព្រមធ្វើតាមតម្រូវការរបស់លោកឡើយ ហើយលោកបានប្រាប់មន្ត្រីជាន់ខ្ពស់ថា ការទម្លាក់គ្រាប់បែកសាជាថ្មីអាចនឹងកើតឡើង បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ ដោយឡែក ខាងភាគីអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) និងប្រធានាធិបតីម៉ាស៊ូដ ភើហ្សេសគៀន (Masoud Pezeshkian) បានបញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែនឹងមិនទទួលយកចំពោះការគំរាមកំហែង ឬការបង្ខិតបង្ខំណាមួយឡើយ ហើយអ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិអភិវឌ្ឍនុយក្លេអ៊ែរ ឬការចម្រាញ់អ៊ុយរ៉ានីយូមជាដាច់ខាត។

គួរបញ្ជាក់ថា សង្គ្រាម​នេះបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ ដោយការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល ដោយបានអូសបន្លាយអស់រយៈពេល៧ខែមកហើយ និងបានសម្លាប់មនុស្សរាប់ពាន់នាក់ បំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កការរំខានយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត