
UN៖ ប្រទេសចិនបានបើកការវាយបកផ្លូវការទូតយ៉ាងក្ដៅគគុក ប្រឆាំងនឹងសហរដ្ឋអាម៉េរិក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទាមទារឱ្យអាម៉េរិកគោរពអធិបតេយ្យភាពនៃបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្ទ និងបញ្ឈប់ការគំរាមកំហែង ព្រមទាំងលុបចោលការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសកូប៉ាជាបន្ទាន់។

ទោះបីជាអនុប្រធានាធិបតីចិន លោក Han Zheng មិនបានបញ្ចេញឈ្មោះសហរដ្ឋអាម៉េរិកចំៗនៅក្នុងសេចក្ដីថ្លែងការណ៍ក៏ដោយ ប៉ុន្តែខ្លឹមសារទាំងស្រុងបានតម្រង់ទិសដៅទៅរករដ្ឋធានីវ៉ាស៊ីនតោន។ ការវាយប្រហារពាក្យសម្តីនេះ បានបង្ហាញពីភាពផ្ទុយគ្នាស្រឡះពីបរិយាកាសស្និទ្ធស្នាលកាលពីដើមសប្តាហ៍នៅឯសេតវិមាន ជាទីដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋយ៉ាងអធិកអធមទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក Han Zheng បានសង្កត់ធ្ងន់ថា៖«ប្រទេសមហាអំណាចត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់អន្តរជាតិ»។

ការរិះគន់របស់ចិនធ្វើឡើងបន្ទាប់ពីការហ៊ុមព័ទ្ធប្រេងរបស់អាម៉េរិក បានបណ្ដាលឱ្យប្រព័ន្ធបណ្តាញអគ្គិសនីរបស់កូប៉ាដួលរលំទាំងស្រុង ដែលធ្វើឱ្យប្រជាជនរាប់លាននាក់ធ្លាក់ក្នុងភាពងងឹតសូន្យឈឹង។ ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ លោក ត្រាំ ធ្លាប់បានព្រមានលោក ស៊ី ជិនពីង មិនឱ្យផ្តល់ជំនួយយោធា ឬជួយអ៊ីរ៉ង់គេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចឡើយ បន្ទាប់ពីមានរបាយការណ៍ថាចិនបានផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីលការពារអាកាសដល់រដ្ឋធានីតេហេរ៉ង់។ ឆ្លើយតបនឹងសម្ពាធនេះ ចិនបានប្រើប្រាស់វេទិកា UN ដើម្បីបង្កើតរូបភាពខ្លួនជា «ដៃគូសកលដែលគួរឱ្យទុកចិត្ត» និងជាអ្នកការពារសិទ្ធិនៃបណ្តាប្រទេសកំពុងអភិវឌ្ឍនៅលើឆាកអន្តរជាតិ៕




