
រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានសម្រេចជ្រើសរើសយកក្រុមហ៊ុន Boeing ឱ្យសាងសង់យន្តហោះចម្បាំងជំនាន់ថ្មី សម្រាប់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ក្នុងទំហំកិច្ចសន្យាប្រមាណ២០ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់មន្ត្រីសហរដ្ឋអាម៉េរិក ដែលចុះផ្សាយបន្តដោយសារព័ត៌ចិន South China Morning Post នាថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ គូសបញ្ជាក់ថា កិច្ចសន្យានេះ ដើម្បីផលិតយន្តហោះចម្បាំងប្រភេទ F/A-XX ឬយន្តហោះវាយប្រហារ ក្រោមកម្មវិធី «Next Generation Air Dominance Program»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា យន្តហោះចម្បាំងថ្មីនេះ នឹងយកទៅជំនួសយន្តហោះចម្បាំង Super Hornets ចាស់ៗ ចាប់ពីទសវត្សរ៍ឆ្នាំ២០៣០តទៅ។ ការប្រកាសនេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុន Boeing ត្រូវបានមន្ទីរបញ្ចកោណជ្រើសរើសក្នុងអាណត្តិទី២នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យផលិតប្រព័ន្ធអាវុធ និងយន្តហោះចម្បាំងជំនាន់ទី៦។ សូមរំឭកថា កាលពីខែមីនា ឆ្នាំ២០២៥ លោក ត្រាំ បានប្រកាសថា កងទ័ពអាកាសសហរដ្ឋអាម៉េរិក បានជ្រើសរើសក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយនេះ សាងសង់យន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មីផងដែរ៕





