ចិនបង្កើតភ្នែកទិព្វ អាចឆ្លុះរកយន្តហោះចម្បាំងបំបាំងកាយអាម៉េរិកក្នុងចម្ងាយរហូតដល់ជាង៦០គីឡូម៉ែត្រ
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រដ្ឋធានីប៉េកាំង៖ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាម៉េរិក អាចនឹងអស់មហិទ្ធិឫទ្ធិ ក្រោយក្រុមហ៊ុនផ្គត់ផ្គង់កងទ័ពអាកាសចិន បានបង្កើតទម្រង់ប្រព័ន្ធ Lidar គ្រាប់ពន្លឺទោលបំពាក់លើអាកាស ដើម្បីស្វែងរកយន្តហោះចម្បាំងបំបាំងកាយ ដោយមិនជះពន្លឺឆ្លុះប្រព័ន្ធរ៉ាដា ឬកម្តៅនោះឡើយ។ នេះមានន័យថា «ភ្នែកទិព្វ Lidar» អាចមើលទម្លុះពពក ស្វែងរកស្រមោលបិសាចចម្បាំងបំបាំងកាយ F-35 របស់អាម៉េរិក ដោយមិនបន្សល់ទុកដានរ៉ាដា ឬជះកម្តៅឱ្យដឹងខ្លួនសូម្បីតែបន្តិច។

ក្រោយធ្វើសមូហកម្មតាមកុំព្យូទ័រនាពេលថ្មីៗនេះ អ្នកស្រាវជ្រាវចិនបានអះអាងថា ប្រព័ន្ធបំពាក់លើមីស៊ីលជាមួយនឹងឧបករណ៍សែនស័រឡាស៊ែរ Lidar​ ជំនាន់ចុងក្រោយ អាចស្វែងរក និងតាមដានយន្តហោះចម្បាំងបំបាំងកាយបានក្នុងចម្ងាយរហូតដល់ ៦១,៥គីឡូម៉ែត្រនៅនៅកណ្តាលអធ្រាត្រដ៏ស្ងាត់ជ្រងំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគយោធាមួយរូប បានចេញមុខបោះសម្តីឌឺដង និងបង្ហាញការសង្ស័យបែបចំអន់លេងសើចថា ការព្យាយាមប្រើកូនពន្លឺឡាស៊ែរដ៏តូចមួយ ដើម្បីរាវរកយន្តហោះចម្បាំងបំបាំងកាយនៅលើផ្ទៃមេឃដ៏ធំល្វឹងល្វើយបែបនេះ គឺមិនខុសពីរាវម្ជុលមួយដើមនៅកណ្តាលមហាសមុទ្ទនោះឡើយ។ គួរបញ្ជាក់ផងដែរថា នៅក្នុងសង្គ្រាមលើអាកាសដ៏ស្រួចស្រាវ យន្តហោះចម្បាំងបំបាំងកាយ F-35 នៅតែជាបិសាចឥតស្រមោល ព្រោះវាមិនត្រឹមតែមានសមត្ថភាពបំបាំងកាយប៉ុណ្ណោះទេ ប៉ុន្តែវាអាចបំពាក់នូវមីស៊ីលជាច្រើនគ្រាប់ និងមានប្រព័ន្ធស្វែងរកគោលដៅកាំរស្មីអ៊ីនហ្វ្រារ៉េដ (Infrared) ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត