
រាជធានីភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្រ្តយោធាវៀតណាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខ និងការស្រាវជ្រាវរវាងប្រទេសទាំងពីរ...។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្រ្តយោធានៃក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស្នងការនយោបាយនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តយោធា (Political Commissar, Military Science Academy)។ ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានពិភាក្សាទាក់ទងនឹងបញ្ហាមួយចំនួនរួមមាន៖ ទី១.បញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី ដែលធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និយាយជារួម ចំពោះកម្ពុជា ឡាវ និងវៀតណាម និយាយដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទី២.តួនាទី និងមជ្ឈភាពអាស៊ាន ក្នុងការរក្សាតុល្យភាព និងស្ថិរភាពតំបន់ ក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាច, និងទី៣.កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម លើផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី នាបណ្ដាឆ្នាំខាងមុខ។

យ៉ាងណា តាមរយៈជំនួបដដែលនេះ ភាគីទាំងពីរ បានឯកភាពសិក្សាលទ្ធភាពរៀបចំវេទិកាផ្លាស់ប្ដូរទស្សនៈ រវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕




