មេទ័ពកម្ពុជា ជួបមេបញ្ជាការការពារអាកាសវៀតណាម ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធា
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាលជាមួយគ្នា កម្ពុជា-វៀតណាម អះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ នេះជាការគូសបញ្ជាក់របស់មេបញ្ជាការនៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពវៀតណាម លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (VŨ HỒNG SƠN) ក្នុងជំនួបផ្ទាល់មុខជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា កាលពីរសៀលថ្ងៃទី២២មិថុនាម្សិលមិញ...។

លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (VŨ HỒNG SƠN) និង លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (VŨ HỒNG SƠN) និង លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅរាជធានីភ្នំពេញ

តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វរភាគី លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ ដែលមានជាយូរមកហើយ។ ក្នុងនោះ លោកបញ្ជាក់ថា នាយទាហានកម្ពុជា មួយចំនួនត្រូវបានទទួលការបណ្ដុះបណ្ដាលនៅវៀតណាម ដែលជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងការរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។ លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន ក៏បានរំឭកអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលបានប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាល។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍ គូសបញ្ជាក់ថា៖«ការជួយគ្នាទៅវិញទៅមក និងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់»។ 

<br />

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។ លោកមេទ័ព ក៏បានបង្ហាញជំនឿជឿជាក់ថា៖«ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ នឹងទទួលបានលទ្ធផលជោគជ័យ និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ»ជាមួយគ្នាលោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ជាពិសេស លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពអាកាស។ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរគណៈប្រតិភូ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន ការទប់ស្កាត់បទល្មើសឆ្លងដែន និងការសហការក្នុងការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នាផងដែរ កម្ពុជា បានស្នើឱ្យវៀតណាម បន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យបានយូរអង្វែង៕ 

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា៕
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា៕
លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសកងទ័ពវៀតណាម៕
លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសកងទ័ពវៀតណាម៕
លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) ក្នុងជំនួបផ្ទាល់មុខជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅរាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត