
រដ្ឋធានីហាណូយ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ដោយផ្លាស់ប្ដូរយោបល់គ្នា លើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស យុវជន...។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអបអរសាទរប្រទេសវៀតណាម ចំពោះការរៀបចំវេទិកាអនាគតអាស៊ានលើកទី៣នេះ ក្នុងបរិបទពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។

ជាមួយគ្នា ប្រធានរដ្ឋវៀតណាម បានរំឭកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកប្រទេសកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ លោកគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។ ស្របជាមួយគ្នានេះ លោកបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕





