
ទីក្រុងហ្សឺណែវ៖ ទោះថៃធ្លាប់បដិសេធ និងប្រើវោហារសាស្រ្តវា.យប្រ.ហារធ្ងន់ធ្ងរនាពេលកន្លងមកយ៉ាងណាក៏ដោយ លោក ថូម៉ាស់ អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា នៅតែរក្សាគោលជំហររបស់ខ្លួនយ៉ាងរឹងមាំដដែល ដោយឥតប្រែប្រួល ឬផ្លាស់សម្តីសូម្បីមួយម៉ាត់ឡើយ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីស្នាក់ការក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមានតំណាងប្រទេសជិត៥០ រួមទាំងកម្ពុជា-ថៃជាភាគីទំនាស់ផងនោះ លោក ថូម៉ាស់ អាន់ឌ្រូ ប្រកាសច្បាស់ៗថា ប្រជាជនភៀសសឹកខ្មែរជាង១,៨ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញបាននោះទេ។ បន្ទាប់មក អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ ក៏ដាក់សំណើទាមទារថា ជនភៀសសឹកទាំងអស់ គួរតែអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ហើយអាចរស់នៅដោយសប្បាយរីករាយ មានស្ថិរភាព និងសន្តិសុខ។

កាលពីខែកក្កដា ឆ្នាំ២០២៦ លោក ថូម៉ាស់ អាន់ឌ្រូ បានមកបំពេញបេសកកម្មនៅកម្ពុជា ហើយលោកក៏បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងតាមព្រំដែនកម្ពុជា-ថៃផងដែរ។ មុនចាកចេញពីកម្ពុជា លោក បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃបេសកកម្មរបស់លោក និងបានបើកបង្ហាញរបាយការណ៍អំពើស្ថានភាពជនភៀសសឹកកម្ពុជា ហើយពេលនោះ ភាគីថៃ បានប្រតិកម្ម និងចោទច្រោលរបាយការណ៍របស់លោក។

ទោះយ៉ាងណាក៏ដោយ ប្រតិកម្មទាំងទទឹងទិសរបស់ថៃ មិនអាចហាមឃាត់លោកបានឡើយ ដោយនៅទីបំផុត លោក នៅតែយករបាយការណ៍អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងស្ថានភាពជនភៀសសឹកកម្ពុជាទៅបង្ហាញនៅអង្គការសហប្រជាជាតិដដែល។ ការថ្លែងសារ និងការបង្ហាញរបាយការណ៍របស់លោក អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ពិសេសស្ថានភាពជនភៀសសឹកកម្ពុជា នៅចំពោះមុខអន្តរជាតិ គឺធ្វើឡើងស្របពេលយោធាថៃ នៅតែបន្តកាន់កាប់តំនបន់នានារបស់កម្ពុជានៅតាមព្រំដែន រួមទាំងភូមិឋានរបស់ជនភៀសសឹកផងដែរ។ កម្ពុជា តែងប្រកាសតវ៉ាជាច្រើនលើកច្រើនសា ប៉ុន្តែយោធាថៃមិនព្រមបញ្ឈប់ឡើយ៕







