រដ្ឋមន្ត្រីវប្បធម៌ បើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីជំរុញការពារកម្មសិទ្ធិបញ្ញាលើ«តម្បាញសូត្រខ្មែរ»
អ
អុន សម្ផស្ស
•
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសមាគមសិប្បករតម្បាញសូត្រមាសខ្មែរភ្នំស្រុក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកវិធានការសមស្របសម្រាប់ការការពារ និងលើកស្ទួយវិស័យតម្បាញសូត្រខ្មែរ..។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងសមាគម សិប្បករ និងអ្នកតម្បាញដែលពាក់ព័ន្ធនឹងវិស័យតម្បាញសូត្រខ្មែរ។ ក្នុងកិច្ចពិភាក្សា អ្នកចូលរួមបានផ្តោតលើបញ្ហាប្រឈមសំខាន់ៗ ជាពិសេសបញ្ហាទីផ្សារ និងកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងផលិតផលតម្បាញសូត្រខ្មែរ។ ជាមួយគ្នា ក៏បានពិនិត្យ និងសិក្សាពីលទ្ធភាពដាក់ចេញនូវវិធានការការពារសមស្រប ដើម្បីលើកតម្លៃ គុណភាព និងកិត្យានុភាពនៃតម្បាញសូត្រខ្មែរ។

លោកស្រី ភឿង សកុណា បានថ្លែងគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញ សមាគម សិប្បករ និងអ្នកតម្បាញ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងចូលរួមថែរក្សាមរតកចំណេះដឹង និងជំនាញប្រពៃណីរបស់ខ្មែរ។ លោកស្រីរដ្ឋមន្ត្រី លើកឡើងពីតម្រូវការសិក្សា ចងក្រងចំណេះដឹង ជំនាញ និងប្រពៃណីនៃការតម្បាញសូត្រខ្មែរ ដើម្បីធានាឱ្យមរតកវប្បធម៌នេះអាចបន្តទៅកាន់អ្នកជំនាន់ក្រោយ។ ក្រសួងថែមទាំងរំពឹងថា កិច្ចខិតខំប្រឹងប្រែងនេះនឹងរួមចំណែកពង្រឹងការការពារ អភិរក្សសិល្បៈតម្បាញសូត្រខ្មែរ ផ្សព្វផ្សាយស្នាដៃសូត្រខ្មែរឱ្យកាន់តែមានតម្លៃ និងទទួលបានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត