
ខេត្តកណ្ដាល៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានបើកការស្រាវជ្រាវ និងឈានទៅបំបែកសំណុំរឿងឃាតកម្មប្លន់យ៉ាងក្ដៅគគុក ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមក្រុមចោរប្លន់មានគ្នាសរុប៦នាក់ ដែលបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ.....។

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានករណីអំពើហិង្សា និងឃាតកម្មប្លន់យកទ្រព្យសម្បត្តិ នៅផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឱ្យជនរងគ្រោះម្នាក់ឈ្មោះ អោ ពុធរី មុខរបរជាបុគ្គលិកធនាគារប្រៃសនីយ៍ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ភ្លាមៗ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យទីតាំងកើតហេតុ ព្រមទាំងប្រមូលតម្រុយ និងស្ដាប់ចម្លើយបកស្រាយជុំវិញករណីនេះ រហូតឈានទៅកំណត់អត្តសញ្ញាណ និងតាមស្ទាក់ចាប់បានជនសង្ស័យម្នាក់ឈ្មោះ រឿន ម៉ារ៉ាឌី អាយុ២០ឆ្នាំ។

ក្រោយចាប់បាន, ជនល្មើសនោះ រៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃកើតហេតុ ខ្លួន និងបក្ខពួកបានជិះម៉ូតូ៣គ្រឿង លុះមកដល់ចំណុចខាងលើ ពួកគេ បានយកកាំបិតផ្គាក់កាប់ជនរងគ្រោះតែមិនត្រូវ ហើយជនរងគ្រោះក៏បានជិះម៉ូតូបកត្រឡប់ក្រោយ។ ពេលនោះ ពួកគេ បានគប់ដាវត្រូវជនរងគ្រោះ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូបកត្រឡប់ទៅទិសខាងជើងវិញ។ តែដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះ ក៏បានផ្តួលម៉ូតូចោល ហើយភ្លាមៗនោះ ក្រុមចោរប្លន់ ក៏បានលើកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុ ទៅជួបជុំគ្នានៅចំណុចដីឡូតិ៍ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏បានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ ដើម្បីចែកលុយគ្នា។ បើតាមសមត្ថកិច្ច ជនរងគ្រោះ បានបាត់បង់ជីវិតហើយ៕




