
រាជធានីភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត ចាប់ផ្តើមឈានទៅអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គផ្នែកតម្រងនោមជាលើកដំបូង បន្ទាប់ពីបានបន្តកិច្ចសហការជាមួយមន្ទីរពេទ្យ Hospices Civils de Lyon (អូស្ពីស ស៊ីវិល ដឺ លីយ៉ុង) នៃប្រទេសបារាំង អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍វេជ្ជសាស្ត្រ និងធនធានមនុស្សជំនាញ។

ទំព័រហ្វេសប៊ុក មន្ទីរពេទ្យកាល់ម៉ែត ប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ក្នុងជំនួបពិភាក្សាបន្តស្តីពី «គម្រោងវះកាត់ផ្សាំសរីរាង្គ នៅមន្ទីរពេទ្យកាល់ម៉ែត» កាលពីល្ងាចថ្ងៃទី២តុលា កម្ពុជា-បារាំង បានពិនិត្យ និងជំរុញការងារពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធសម្រាប់ការផ្សាំតម្រងនោម។ មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា៖«ថ្ងៃនេះ គម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោមលើកទី១ របស់មន្ទីរពេទ្យកាល់ម៉ែត បានលេចចេញជារូបរាងឡើង សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួម ឆន្ទៈមោះមុត និងការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់រៀមច្បង និងអ្នកបន្តវេនក្នុងរយៈពេលជាងមួយទសវត្សរ៍ទាំងភាគីបារាំង និងកម្ពុជា»។

គម្រោងផ្សាំសរីរាង្គនេះ ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០១៤ រវាងភាគីទីក្រុងលីយ៉ុង ប្រទេសបារាំង និងក្រសួងសុខាភិបាលកម្ពុជា ដោយបានកំណត់មន្ទីរពេទ្យកាល់ម៉ែតជាទីតាំងសាកល្បង (Pilot) សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្នែកផ្សាំសរីរាង្គនៅកម្ពុជា។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក ភាគីទាំងពីរបានបន្តសហការ និងពិភាក្សាគ្នាជាបន្តបន្ទាប់ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគាំទ្រដែលចាំបាច់ រួមមានការផ្គត់ផ្គង់ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ ព្រមទាំងការរៀបចំលិខិតបទដ្ឋានគតិយុត្តិឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងច្បាប់កម្ពុជា។ មន្ទីរពេទ្យកាល់ម៉ែត បានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រទំនើប និងពង្រឹងសមត្ថភាពបុគ្គលិកជំនាញ ជាពិសេសក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកមន្ទីរពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កម្មវិធីផ្សាំសរីរាង្គ។

ការឈានដល់ដំណាក់កាលអនុវត្តគម្រោងផ្សាំតម្រងនោមលើកដំបូង ត្រូវបានចាត់ទុក ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរយៈពេលវែងរវាងកម្ពុជា-បារាំង ព្រមទាំងការបន្តវេនការងាររបស់ក្រុមជំនាញជាច្រើនជំនាន់។ គម្រោងនេះត្រូវរំពឹងថា នឹងរួមចំណែកបង្កើនលទ្ធភាពទទួលបានសេវាព្យាបាលជំងឺតម្រងនោមស្មុគស្មាញនៅក្នុងប្រទេស និងកាត់បន្ថយតម្រូវការរបស់អ្នកជំងឺក្នុងការទៅទទួលការព្យាបាលនៅក្រៅប្រទេស។ ជាមួយគ្នានេះ វាក៏អាចជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកម្មវិធីផ្សាំសរីរាង្គប្រភេទផ្សេងៗទៀតនៅកម្ពុជានាពេលអនាគត៕









