
ទីក្រុងតៃប៉ិ៖ បច្ចុប្បន្ន តៃវ៉ាន់ បានចាប់ផ្ដើមចាប់យកបច្ចេកវិទ្យារបស់អាម៉េរិក ដោយរាប់បញ្ចូលទាំងកម្មវិធីកុំព្យូទ័រ មកច្របាច់បញ្ចូលគ្នា ជាមួយនឹងសមត្ថភាពផលិតនាវារបស់ខ្លួន ដើម្បីបង្កើតកងនាវាដ្រូន សម្រាប់ប្រតិបត្តិការទាំងនៅលើផ្ទៃទឹក និងក្រោមទឹក សម្រាប់ត្រៀមខ្លួនទុកជាមុន ទប់ទល់នឹងមហាយក្សចិន។

សារព័ត៌មានរបស់ជប៉ុន Nikkei Asia បានរាយការណ៍ថា បច្ចុប្បន្ន តៃវ៉ាន់ បាននិងកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុត ដោយមានគោលបំណងពង្រឹងសមត្ថភាពទប់ស្កាត់ការឈ្លានពាន ឬការបិទខ្ទប់ដែនសមុទ្រ ដោយកងទ័ពជើងទឹក និងកងការពារឆ្នេរសមុទ្ររបស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអាម៉េរិកមួយចំនួន រួមមាន៖ Saronic Technologies, Anduril និង Maritime Tactical Systems បានចាប់ដៃគូជាមួយក្រុមហ៊ុនជាច្រើនរបស់តៃវ៉ាន់ សម្រាប់ផលិតដ្រូនសមុទ្រ។

លោកស្រី ខាធី ហ្វាង (Cathy Fang) អ្នកវិភាគ នៃវិទ្យាស្ថានស្រាវជ្រាវសម្រាប់លទ្ធិប្រជាធិបតេយ្យ សង្គម និងបច្ចេកវិទ្យាថ្មីៗរបស់តៃវ៉ាន់ បានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ផ្តោតយ៉ាងសំខាន់លើប្រព័ន្ធស្វ័យប្រវត្តិកម្ម, ប្រព័ន្ធបញ្ជា និងប្រព័ន្ធគ្រប់គ្រង (C2) ដែលដំណើរការ ដោយប្រព័ន្ធបញ្ញាសិប្បនិមិ្មត ឬ AI, ការរួមបញ្ចូលឧបករណ៍ចាប់សញ្ញា (ឬ sensors) និងឧបករណ៍ផ្ទុក (payloads), ការសម្របសម្រួល រវាងកងប្រតិបត្តិការចម្រុះ និងបច្ចេកវិទ្យា សម្រាប់ប្រតិបត្តិការ នៅក្រោមទឹក។ ប្រព័ន្ធទាំងអស់នេះ អាចជួយបំពេញបន្ថែមដល់ចំណុចខ្លាំង ដែលមានស្រាប់របស់តៃវ៉ាន់ លើផ្នែកផលិតនាវា និងវិស័យផលិតកម្ម»។

Nikkei Asia ក៏បានរាយការណ៍ទៀតថា តៃវ៉ាន់ បានប្រកាសផែនការទិញនាវាដ្រូនរត់នៅលើផ្ទៃទឹក ចំនួន២៥ គ្រឿង និងនាវាដ្រូនមុជក្រោមទឹកចំនួន២គ្រឿង កាលពីខែកក្កដាកន្លងទៅ ដើម្បីទប់ទល់នឹងប្រតិបត្តិការរបស់ចិន នៅក្នុងដែនទឹករបស់ខ្លួន។ ទន្ទឹមគ្នានេះ កាលពីដើមខែកញ្ញា ក្រុមហ៊ុន Taiwan Shipbuilding Corp. បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក ឈ្មោះ Havoc ដើម្បីអភិវឌ្ឍនាវាដ្រូនរត់នៅលើផ្ទៃទឹក (USVs) ដោយរួមបញ្ចូលគ្នានូវជំនាញផលិតនាវារបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុន Havoc។

លោកស្រី ហ្វាង បានលើកឡើង អំពីបញ្ហាប្រឈមមួយចំនួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ នៅក្នុងការកសាងកងនាវាដ្រូនសមុទ្រដ៏ធំមួយ ជាមួយនឹងការអះអាងថា៖ «ចំណុចខ្វះខាតសំខាន់ៗ រួមមាន៖ ប្រព័ន្ធទំនាក់ទំនងដែលមានភាពធន់រឹងមាំ, ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងប្រព័ន្ធបញ្ជា និងគ្រប់គ្រង (C2) ដែលដំណើរការដោយ AI, និងការសម្របសម្រួល រវាងនាវាជាច្រើនគ្រឿង ជាពិសេស នៅក្នុងស្ថានភាពសមុទ្រ និងលក្ខខណ្ឌប្រតិបត្តិការដ៏លំបាក នៅជុំវិញតៃវ៉ាន់។ តៃវ៉ាន់មានការបញ្ជាទិញនាវាដ្រូនរត់នៅលើផ្ទៃទឹក (USV) ឬនាវាដ្រូនក្រោមទឹក (UUV) ក្នុងស្រុកតិចតួចប៉ុណ្ណោះ ហើយការបញ្ជាទិញមកពីក្រៅប្រទេស ក៏មានកម្រិតដែរ។ រីឯការពង្រីកផលិតកម្ម និងការប្រើប្រាស់នាវាដ្រូនរបស់កងទ័ពជើងទឹក អាចជួយដោះស្រាយបញ្ហាទាំងនោះបាន៕


