ប្រធានាធិបតីអាម៉េរិក ចាប់បង្ខំឲ្យក្រុមប្រទេសអ្នកមាន G7 បញ្ចេញប្រេង១០០លានបារ៉ែល
S
Sinuon Nop
•
14 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុតរបស់ពិភពលោក G7 បានព្រមព្រៀងគ្នា បញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូត ចំនួន១០០ លានបារ៉ែល ដើម្បីកាត់បន្ថយវិបត្ដិផ្គត់ផ្គង់ថាមពល ដែលនាំឱ្យតម្លៃប្រេង ហក់ឡើងយ៉ាងគំហុក។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣ ខែតុលា។

ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំងនេះ ដោយរាប់បញ្ចូលទាំងសហរដ្ឋអាម៉េរិកផងនោះ បានបញ្ជាក់ថា វិធានការបែបនេះ នឹងបូកបញ្ចូលទាំងការបញ្ចេញប្រេងម៉ាស៊ូត នៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការសម្រេចចិត្តបែបនេះ បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមហាមឃាត់នូវការនាំចេញប្រេងម៉ាស៊ូត ដែលជាវិធានការមួយ អាចជួយកាត់បន្ថយសម្ពាធតម្លៃ សម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាម៉េរិក នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា ឆ្នាំ២០២៦។ ប៉ុន្តែចំណាត់ការបែបនេះ ក៏នឹងនៅតែធ្វើឱ្យតម្លៃប្រេង នៅតាមតំបន់ផ្សេងៗទៀត នៅតែកើនឡើងខ្ពស់។

ក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចជឿនលឿនបំផុត G7 បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ថា ប្រទេសជាសមាជិក G7 បានយល់ព្រម«មិនដាក់កម្រិតលើការនាំចេញថាមពល និងផលិតផលថាមពល» ទៅវិញទៅមកនោះឡើយ។ ក្រុមប្រទេស G7 រួមមាន៖ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និងបារាំង ហើយសហភាពអឺរ៉ុប (EU) ក៏មានតំណាងចូលរួម នៅក្នុងកិច្ចប្រជុំនេះផងដែរ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា លោកនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ចេញពីសហរដ្ឋអាម៉េរិក ប្រសិនបើបណ្តាប្រទេសនៅអឺរ៉ុប មិនយល់ព្រមបញ្ចេញប្រេង ពីឃ្លាំងស្តុកប្រេងរបស់ពួកគេបន្ថែមទៀត ទៅក្នុងទីផ្សារពិភពលោកទេនោះ។ ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតី កាលពីថ្ងៃសុក្រ បានសរសេរនៅលើបណ្តាញសង្គមថា៖ «អឺរ៉ុបបានយល់ព្រមបញ្ចេញប្រេងម៉ាស៊ូត នៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលពួកគេបានស្តុកទុក ហើយដំណើរការនេះ នឹងចាប់ផ្តើមភ្លាមៗ»។

ស្របគ្នានេះដែរ លោក ស្កត់ បែសសេនត៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ក៏បានលើកឡើងថា កសិករ អ្នកបើកបររថយន្តដឹកទំនិញ និងអាជីវករនៅសហរដ្ឋអាម៉េរិក «មិនគួរទុកឱ្យទទួលរងបន្ទុកតែម្នាក់ឯងនោះទេ» ខណៈតម្លៃប្រេងកំពុងតែកើនឡើងយ៉ាងខ្លាំងបែបនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត