
រាជធានីតូក្យូ៖ ប្រទេសជប៉ុន ធ្លាប់តែរត់ប្រណាំងប្រជែងយ៉ាងខ្លាំងក្លា លើវិស័យរថយន្ដ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងផលិតផលស៊ីវិលផ្សេងៗទៀត នៅកាន់ទីផ្សាររបស់ពិភពលោក ប៉ុន្ដែចាប់តាំងពីលោកស្រី នាយករដ្ឋមន្រ្ដី សាណេ តាកៃឈិ បានចូលមកកាន់អំណាច កាលពីអំឡុងឆ្នាំ២០២៥រហូតមក ស្រ្ដីដំបូងនៅក្នុប្រវត្ដិសាស្រ្ដរបស់ជប៉ុន ដែលគ្រប់គ្រងរដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចលុបចោលច្បាប់រឹតបន្ដឹង លើការនាំចេញគ្រឿងសព្វាវុធ ហើយកំពុងតែបើកដៃឲ្យប្រទេសអាស៊ីបូព៌ាមួយនេះ អាចមានលទ្ធភាពប្រកួតប្រជែង លើទីផ្សារវិស័យការពារជាតិ នៅតំបន់អាស៊ាន ដែលធ្លាប់តែជាចំណែកទីផ្សារអាវុធដ៏ធំមួយរបស់កូរ៉េខាងត្បូង។

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣ ខែតុលាថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន កំពុងតែជំរុញការបង្កើតទីភ្នាក់ងារមួយ ដែលមានតួនាទីជាក់លាក់ នៅក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម នៅក្នុងវិស័យឧស្សាហកម្មការពារជាតិ និងជួយសម្រួលដល់ការនាំចេញផលិតផលរបស់ពួកគេ។
បើតាមទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន Nikkei Asia បានរាយការណ៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ថា ក្រសួងនានារបស់ជប៉ុន រួមមាន៖ ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម កំពុងតែពិភាក្សាគ្នា អំពីផែនការបង្កើត«ទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងផលិតកម្មវិស័យការពារជាតិ (Defense Production and Technology Infrastructure Agency)» ជាបណ្តោះអាសន្នមួយ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើកិច្ចការទាំងនេះ។ ទីភ្នាក់ងារនេះ មានគោលបំណងផ្សារភ្ជាប់ក្រុមហ៊ុនវិនិយោគទុន (VC) ក្នុងស្រុក ទៅនឹងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនានា ដើម្បីជំរុញការបង្កើតសហគ្រាសថ្មីៗ និងគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគេ ទៅកាន់ទីផ្សារក្រៅប្រទេស។

ការប្រកួតប្រជែងទាំងនេះ ចាប់ផ្ដើមមានសន្ទុះខ្លាំងឡើង បន្ទាប់ពីប្រទេសជប៉ុន បានកែប្រែ«គោលការណ៍ទាំង៣របស់ខ្លួន ស្តីពីការផ្ទេរឧបករណ៍យោធា និងបច្ចេកវិទ្យាការពារជាតិ» របស់ខ្លួន ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ដែលពីមុនបានកំណត់លើការនាំចេញតែគ្រឿងសព្វាវុធ ត្រឹមតែ សម្រាប់គោលបំណងមនុស្សធម៌ ការដឹកជញ្ជូនធម្មតា និងការឃ្លាំមើលតែប៉ុណ្ណោះ។ ការកែប្រែច្បាប់បែបនេះ បានអនុញ្ញាតឱ្យជប៉ុន អាចនាំចេញគ្រឿងសព្វាវុធយ៉ាងពេញទំហឹង ទៅកាន់ប្រទេសចំនួន១៧ ដែលមានកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ការពារជាតិ ជាមួយនឹងរដ្ឋាភិបាលទីក្រុងតូក្យូ។ ការកែប្រែច្បាប់នេះ បានបើកផ្លូវដល់វិស័យការពារជាតិរបស់ជប៉ុន (J-defense) ហក់ចូលទៅក្នុងទីផ្សារសកល ជាមួយនឹងការការព្យាករណ៍ថា ជប៉ុននឹងអាចក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយ ជាមួយនឹងវិស័យការពារជាតិរបស់កូរ៉េខាងត្បូង (K-defense) នៅពេលឆាប់ៗនេះ។

ប្រទេសជប៉ុន បានចាប់ផ្តើមឆក់យកឱកាស នៅក្នុងទីផ្សារការពារជាតិដ៏ធំ នៅតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន។ ជាមួយគ្នានេះ លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីខែឧសភាកន្លងទៅនេះ បានទៅបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដើម្បីពិភាក្សា អំពីការផ្ទេរនាវាចម្បាំង ដែលធ្លាប់ប្រើប្រាស់រួចហើយ។ ជប៉ុនបានត្រូវស្នើឲ្យផ្តល់នាវាចម្បាំង ប្រភេទ Abukuma (អាប៊ូគូម៉ា) ចំណុះ ២ ០០០តោន ដល់ហ្វីលីពីន និងនាវាចម្បាំង ប្រភេទ Asagiri (អាសាហ្គីរិ) ចំណុះ ៤ ៩០០ តោន ដល់ប្រទេសឥណ្ឌូណេស៊ី ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប។
ដោយឡែក ក្រុមអ្នកវិភាគយល់ឃើញថា យុទ្ធសាស្ត្របែបនេះ មានគោលបំណងដាក់បញ្ចូលនាវាចម្បាំងរបស់ជប៉ុន ទៅក្នុងប្រព័ន្ធប្រតិបត្តិការ នៅក្នុងតំបន់ ដែលជាការត្រួសត្រាយផ្លូវដ៏សំខាន់មួយ សម្រាប់ការលក់នាវាចម្បាំងថ្មីៗ និងសេវាកម្មថែទាំ ជួសជុល និងប្រតិបត្តិការ (MRO) នាពេលអនាគត។
ប្រទេសហ្វីលីពីន ក្លាយជាចំណែកទីផ្សារដ៏ធំមួយ សម្រាប់ក្រុមហ៊ុននានារបស់កូរ៉េខាងត្បូង។ នៅក្នុងចំណោមក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងទាំងនោះ គឺក្រុមហ៊ុន HD Hyundai បាននាំចេញនាវាចម្បាំង ប្រភេទ Jose Rizal (ចូសេ រីហ្សាល់) ចំណុះ ២ ៦០០តោន ចំនួន២គ្រឿង កាលពីឆ្នាំ២០១៦ ហើយបើគិតមកទល់ពេលនេះ បានប្រគល់នាវាចម្បាំង សរុប១២គ្រឿងរួចមកហើយ។ លុះមកដល់ឆ្នាំ២០២៤ ក្រុមហ៊ុន HD Hyundai បានជួលកន្លែងផលិតនាវាមួយផ្នែក ដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក។ ស្របគ្នានេះដែរ ក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Systems បាននាំចេញប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ (CMS) កាលពីឆ្នាំ ២០១៧ ហើយក្រុមហ៊ុន LIG D&A បានលក់គ្រាប់ Torpedo ប្រភេទ «Chonsang-eo» កាលពីឆ្នាំ ២០១៦។ ប្រទេសឥណ្ឌូណេស៊ី ក៏មានទំនាក់ទំនងផ្នែកការពារជាតិយ៉ាងសំខាន់ ជាមួយកូរ៉េខាងត្បូងផងដែរ រួមទាំងការនាំចេញនាវាមុជទឹក ដោយក្រុមហ៊ុន Hanwha Ocean កាលពីឆ្នាំ២០១១ ដែលជាការលក់ទៅក្រៅប្រទេសជាលើកដំបូងបង្អស់ ដោយក្រុមហ៊ុនកូរ៉េខាងត្បូង។
វិស័យការពារជាតិរបស់កូរ៉េខាងត្បូង បានប្រឈមនឹងឧបសគ្គរួចមកហើយ នៅក្នុងការប្រកួតប្រជែងជាមួយប្រទេសជប៉ុន។ កាលពីខែមេសា ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់របស់ជប៉ុន Mitsubishi បានចុះកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់ប្រហែល ១០ពាន់ពាន់លាន ឬទ្រីលលានវ៉ុនកូរ៉េ ឬស្មើនឹងប្រហែលជាង៧,៣៥ពាន់លានដុល្លារអាម៉េរិក ដើម្បីនាំចេញនាវាចម្បាំង ប្រភេទ Mogami (ម៉ូហ្កាមិ) ចំនួន៣គ្រឿង ទៅកាន់ប្រទេសអូស្ត្រាលី។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់របស់កូរ៉េខាងត្បូង HD Hyundai និងក្រុមហ៊ុន Hanwha Ocean បានចូលរួមក្នុងការដេញថ្លៃនេះផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យ។ បច្ចុប្បន្ននេះ ប្រទេសជប៉ុន ក៏កំពុងតែស្វែងរកឱកាសនាំចេញគ្រឿងសព្វាវុធ ទៅកាន់ប្រទេសនូវ៉ែលសេឡង់ដ៍ផងដែរ។

បច្ចុប្បន្ន ការប្រកួតប្រជែងរបស់ប្រទេសជប៉ុន លើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដូចជា៖ យន្តហោះចម្បាំង និងមីស៊ីល បានបង្កើនសម្ពាធយ៉ាងខ្លាំង ដល់វិស័យការពារជាតិរបស់កូរ៉េខាងត្បូង (K-defense)។ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០២២មក ជប៉ុនបានសហការជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ ដែលមានសមត្ថភាពខ្ពស់ជាងយន្តហោះចម្បាំងបំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាម៉េរិក។ កាលពីខែកក្កដា ប្រទេសកាណាដា បានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ដែលជាបង្ហាញពីចំណាប់អារម្មណ៍របស់បណ្តាប្រទេសជាសមាជិករបស់អង្គការណាតូ (NATO) ក្នុងការទិញយន្តហោះជំនាន់ទី៦នេះ។ ស្ថានភាពបែបនេះ អាចបើកឱកាស សម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ជាទីផ្សារដែលក្រុមហ៊ុន Korea Aerospace Industries (KAI) កំពុងតែផ្សព្វផ្សាយលក់យន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង (supersonic) ជំនាន់ទី ៤.៥ ម៉ូដែល KF-21 របស់ខ្លួន។
លោកសាស្រ្តាចារ្យ ចាង វ៉ុន-ចុន (Jang Won-jun) មកពីនាយកដ្ឋានសិក្សាវិស័យការពារជាតិកម្រិតខ្ពស់ នៃសាកលវិទ្យាល័យជាតិ Jeonbuk (ជេអនប៊ុក) បានលើកឡើងថា៖ «ទោះបីជាគេរំពឹងថា នឹងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ជាមួយជប៉ុនក៏ដោយ ក៏ក្រុមហ៊ុននានារបស់កូរ៉េខាងត្បូង ចាំបាច់ត្រូវតែរៀបចំយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ ដើម្បីរក្សាតុល្យភាព រវាងការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ ដូចជា ការស្វែងរកឱកាស នៅក្នុងវិស័យការពារជាតិលើផ្លូវគោក ជាឧទាហរណ៍ដូចជា៖ រថក្រោះ ដែលកូរ៉េខាងត្បូង មានឧត្តមភាពខ្លាំងជាង»៕


