
រាជធានីបាងកក៖ ជនសង្ស័យ៩នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវរវាងកងទ័ពថៃ ជាមួយក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន នៅស្រុកម៉ែហ្វាលួង (Mae Fa Luang)។ គ្រីស្តាល់មេតំហ្វេតាមីនចំនួន១៦ថង់ ត្រូវបានរឹបអូស។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Amrin TV នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

កងទ័ពភូមិន្ទថៃ ក្រោមការដឹកនាំរបស់លោក ផៈណា ក្លែវផ្លដធូក (Phana Klaewplodthuk) មេបញ្ជាការកងទ័ពជើងគោក បានទទួលរបាយការណ៍ថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀននឹងរត់ពន្ធគ្រឿងញៀនពីកន្លែងផលិតដែលស្ថិតនៅក្នុងប្រទេសជិតខាង គឺភូមា ចូលទៅក្នុងប្រទេសថៃតាមរយៈតំបន់ព្រំដែននៃស្រុកម៉ែហ្វាលួង ខេត្តឈៀងរ៉ៃ។ ហេតុដូច្នេះហើយ ទើបកងទ័ពថៃបានបញ្ជូនកម្លាំងមកល្បាត និងតាមដានព្រំដែនជាបន្តបន្ទាប់។ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា កងកម្លាំងពិសេសថៃ បានដាក់ពង្រាយក្រុមប្រតិបត្តិការចំនួន២ រួមជាមួយអង្គភាពស៊ើបការណ៍សម្ងាត់ពិសេស។

នៅពេលកំពុងល្បាត និងឃ្លាំមើលការទប់ស្កាត់គ្រឿងញៀននៅជិតព្រំដែនថៃ-ភូមា ក្នុងភូមិបានប៉ាងម៉ាហាន់ (Ban Pang Mahan) ឃុំថឺតថៃ (Thoet Thai) ស្រុកម៉ែហ្វាលួង កងទ័ពថៃ បានជួបប្រទះនឹងក្រុមមនុស្សសង្ស័យចំនួន១៥ ទៅ ១៧នាក់ដែលយួរកាបូបស្ពាយ និងដើរតាមផ្លូវមួយ។ ពេលផ្តល់សញ្ញាឱ្យបង្ហាញអត្តសញ្ញាណ និងស្នើសុំការត្រួតពិនិត្យ ជនសង្ស័យទាំងនោះ ក៏បើកការបាញ់ប្រហារ ដើម្បីរត់គេចខ្លួន ដែលបណ្ដាលឱ្យមានការបាញ់ប្រហារគ្នារយៈពេល១០នាទី។

លុះដល់ព្រឹកថ្ងៃទី២៩ ខែកញ្ញា មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យតំបន់ជុំវិញកន្លែងប៉ះទង្គិចគ្នា និងបានរកឃើញសពរបស់សមាជិកក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន៩នាក់។ មន្រ្តីជំនាញ បានរកឃើញថង់ចំនួន១៦ ដែលកែច្នៃធ្វើជាកាបូបស្ពាយ ដោយក្នុងមួយថង់ៗ មានផ្ទុកគ្រីស្តាល់មេតំហ្វេតាមីន (ឬម៉ាទឹកកក) ប្រហែល ១៧គីឡូក្រាម។ គ្រឿងញៀនសរុបទាំងអស់ មានប្រហែល២៧២គីឡូក្រាម។

សពរបស់ជនល្មើសគ្រឿងញៀនទាំងនោះ ត្រូវបានគេជឿជាក់ថាជាជនជាតិឡាហូ (Lahu) មកពីប្រទេសភូមា។ យោងតាមប៉ូលិសអាំងទែប៉ូល (Interpol) ប្រសិនបើគ្រឿងញៀនមេតំហ្វេតាមីនដែលត្រូវបានរឹបអូស ដែលមានទម្ងន់ប្រហែល ២៧២គីឡូក្រាមនេះ ត្រូវបានបញ្ជូនចូលដល់ទីផ្សារប្រទេសថៃ តម្លៃរបស់វាលើសពី ៣៨០លានបាត ឬស្មើជាង១១លានដុល្លារ។ ប៉ុន្តែ ប្រសិនបើវាត្រូវបានបញ្ជូនទៅកាន់ប្រទេសទី៣ ដូចជាប្រទេសនៅអឺរ៉ុប ឬសហរដ្ឋអាម៉េរិក តម្លៃទីផ្សារនឹងខ្ពស់ជាងតម្លៃទីផ្សារក្នុងស្រុកប្រហែល១០ដប់ដងឯណោះ៕




