
រាជធានីបាងកក៖ អាជ្ញាធរថៃ បានប្រកាសកាលពីថ្ងៃអង្គារទី២៩ ខែកញ្ញាថា ចំនួនអ្នកស្លាប់ដោយសារគ្រោះជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅប្រទេសថៃ បានកើនឡើងដល់ ២៣នាក់ហើយ ខណៈអាកាសយានដ្ឋានសុវណ្ណភូមិរបស់ខ្លួន កំពុងស្ថិតក្នុងភាពច្របូកច្របល់...។

រាជធានីបាងកក បានទទួលរងកម្រិតទឹកភ្លៀងប្រមាណ៣២០មិល្លីម៉ែត្រ ឬ០,៣២ម៉ែត្របន្ថែមទៀត ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះកាលពីសប្តាហ៍មុន ដែលស្ទើរតែស្មើនឹងបរិមាណទឹកភ្លៀងធម្មតា ដែលរាជធានីដែនដីទំនាបដ៏ធំល្វឹងល្វើយនេះ ទទួលបានក្នុងខែកញ្ញាទាំងមូល។ លោក ឆែដឆាត សិទ្ធិពន្ធ (Chadchart Sittipunt) អភិបាលរាជធានីបាងកក បង្ហាញក្តីសង្ឃឹមថា ទឹកជំនន់នឹងស្រកចេញពីដងផ្លូវធំៗក្នុងរាជធានីបាងកកក្នុងរយៈពេល២ថ្ងៃ។ លោកលើកឡើងថា៖«កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងដំណើរការនៅក្នុងតំបន់ដែលទឹកបានស្រកចុះ»។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅទូទាំងប្រទេស មានមនុស្សយ៉ាងហោចណាស់២៣នាក់បានបាត់បង់ជីវិតគិតចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ដោយក្នុងនោះ មាន៤នាក់ នៅក្នុងរាជធានីបាងកក។រាជធានីបាងកក រងការខូចខាចយ៉ាងដំណំ ដោយគិតជាទឹកប្រាក់ មានទំហំប្រមាណ ៣៦៧លានដុល្លារ និងគំរាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។

ក្រៅពីនេះ ភាពច្របូកច្របល់នៅព្រលានយន្តហោះនៅតែបន្តកើតមាន។ ថ្វីបើអាកាសយានដ្ឋានសុវណ្ណភូមិ គឺជាព្រលានយន្តហោះធំជាងគេក្នុងប្រទេស និងជាអាកាសយានដ្ឋានចម្បងរបស់រាជធានីបាងកកនៅតែបន្តដំណើរការក៏ដោយ ប៉ុន្តែភាពច្របូកច្របល់បានបន្តកើតឡើងនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានអះអាងថា ប្រតិបត្តិការរបស់ខ្លួនត្រូវជាប់គាំងរាំងស្ទះដោយសារបុគ្គលិកប្រហែលពាក់កណ្តាលមិនអាចទៅធ្វើការបាន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះបានប្រកាសទៀតថា មានគម្រោងកាត់បន្ថយជើងហោះហើរប្រហែល៣០ជើង ស្មើនឹងប្រហែល៣០ភាគរយនៃការចេញដំណើរដែលបានគ្រោងទុក ហើយក៏កំពុងដោះស្រាយបញ្ហាវ៉ាលិសប្រហែល៥៦០០ ដែលកំពុងជាប់គាំង។ នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways លោក ឆៃ អៀមសិរី (Chai Eamsiri) បានថ្លែងថា៖«ជើងហោះហើរជិត១០០ភាគរយ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះត្រូវបានយឺតយ៉ាវ ដោយមានតិចជាង៣ភាគរយប៉ុណ្ណោះ ដែលត្រឹមត្រូវតាមកាលវិភាគ ដោយសារសមត្ថភាពប្រតិបត្តិការមិនអាចរក្សាប្រក្រតីភាពបាន»។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី២៩ ខែកញ្ញា គណៈរដ្ឋមន្ត្រីថៃបានអនុម័តទឹកប្រាក់ជាង៤ពាន់លានបាត ឬស្មើនឹង១១៩លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់គ្រោះទឹកជំនន់ នេះបើតាមសម្ដីរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល (Anutin Charnvirakul)។ នាយករដ្ឋមន្រ្តីថៃរូបនេះ អះអាងថា គម្រោងប្រព័ន្ធបង្ហូរទឹករយៈពេលវែងមួយទៀតដែលមានតម្លៃ ១៦០ពាន់លានបាត ឬស្មើនឹង ៤,៨ពាន់លានដុល្លារក៏ត្រូវបានអនុម័តផងដែរ។ លោកបានបន្ថែមថា គម្រោងនេះនឹងត្រូវចំណាយពេល៨ឆ្នាំទើបបញ្ចប់ ដោយមានគោលបំណងបង្កើនការការពារទឹកជំនន់នៅទូទាំងតំបន់ទំនាបកណ្តាលរាជធានីបាងកក និងតំបន់ជុំវិញផងដែរ៕




