
រដ្ឋធានីហាណូយ៖ ប៉ូលិសវៀតណាម បានឃាត់ខ្លួនមនុស្ស៣នាក់ ដោយចោទប្រកាន់ពួកគេពីបទភេរវកម្មនៅក្នុងប្រតិបត្តិការមួយ។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

បុរសទាំង៣នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងសន្តិសុខសាធារណៈវៀតណាម កាលពីល្ងាចថ្ងៃចន្ទទី២៨ ខែកញ្ញា រួមមាន៖ លោក ង្វៀន ឌឹកធ័ន (Nguyen Duc Thuan) កាន់លិខិតឆ្លងដែនន័រវេស, លោក ហូ ផាមហ៊ាប ហ៊ុយ (Ho Pham Hiep Huy) កាន់លិខិតឆ្លងដែនអូស្ត្រាលី និងលោក ថៃ កុងទ្រឿងសឺន (Thai Cong Truong Son) មិនបានបញ្ជាក់អត្តសញ្ញាណ តែទំនងជាជនជាតិវៀតណាម។ ក្រសួងបានបន្ថែមថា បុរសទាំងនោះបានសារភាពថាជាសមាជិកនៃក្រុមវៀតតាន (Viet Tan) ដែលជាក្រុមគាំទ្រប្រជាធិបតេយ្យមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដែលរដ្ឋាភិបាលកុម្មុយនីស្ដវៀតណាមចាត់ទុកថាជាអង្គការភេរវកម្ម។

ក្រសួងបានកត់សម្គាល់ថា ជនទាំង៣នាក់នេះ បានចូលមកក្នុងប្រទេសវៀតណាមដោយខុសច្បាប់ ដើម្បីធ្វើសកម្មភាពភេរវកម្ម និងបំផ្លិចបំផ្លាញ។ យោងតាមក្រសួងបានបង្ហាញថា ពួកគេក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំត្រា និងឯកសារផងដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស (Anthony Albanese) បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលកំពុងផ្ដល់ជំនួយផ្នែកកុងស៊ុលដល់លោក ហ៊ុយ និងគ្រួសាររបស់លោក។

ចំណែកឯស្ថានទូតន័រវេសប្រចាំនៅរដ្ឋធានីហាណូយ បានបញ្ជូនសំណួររបស់សារព័ត៌មានរ៉យទ័រ ទៅកាន់រដ្ឋាភិបាលនៅរដ្ឋធានីអូស្លូវិញ។ មានការអះអាងពីក្រសួងសុខសន្តិសុខវៀតណាមថា ពួកគេទាំង៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ពេលកំពុងព្យាយាមឆ្លងដែនពីកម្ពុជាចូលទៅវៀតណាម ប៉ុន្តែរ៉យទ័រ បានសរសេរពីការឆ្លើយតបរបស់អ្នកនាំពាក្យរាជដ្ឋាភិបាលកម្ពុជាថា មិនមានព័ត៌មានណាមួយអំពីការចាប់ខ្លួននេះទេ។

ក្រុមវៀតតាន បានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការចំពោះការចាប់សមាជិកខ្លួន និងការចោទប្រកាន់ក្លែងក្លាយដែលចេញដោយអាជ្ញាធរវៀតណាម។ ក្រុមវៀតតាន បានអំពាវនាវដល់រដ្ឋាភិបាលន័រវែស និងអូស្ត្រាលី ព្រមទាំងអង្គការសិទ្ធិមនុស្សអន្តរជាតិ ឱ្យដាក់សម្ពាធលើរដ្ឋធានីហាណូយ ដើម្បីដោះលែងបុរសទាំងនោះភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ យ៉ាងណា អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ហើយពួកគេនឹងត្រូវយកមកកាត់ទោសស្របតាមច្បាប់៕



