វៀតណាម បោះជំហានឈានទៅរកការទាក់ទាញភ្ញៀវអន្តរជាតិ៥០លាននាក់ និងចំណូលឱ្យបាន៩០ពាន់លានដុល្លារ នៅឆ្នាំ២០៣០
N
Nary Vann
17 ម៉ោងមុន

រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម បានប្រកាសដាក់ចេញនូវកម្មវិធីសកម្មភាពអភិវឌ្ឍន៍វិស័យទេសចរណ៍ថ្មីមួយ ដោយកំណត់គោលដៅប្រមូលចំណូលឱ្យបានពី៨០ ទៅ៩០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣០ ព្រមទាំងជំរុញវិស័យនេះឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ និងជា «ម៉ាស៊ីនកំណើនថ្មី» របស់ជាតិ។

កម្មវិធីថ្មីនេះ បានចាត់ចែងផែនការសកម្មភាពអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ដើម្បីកែប្រែមុខមាត់ទេសចរណ៍វៀតណាម។ តាមរយៈផែនការនេះ វៀតណាម ជឿជាក់ថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានពី៤៥ ទៅ៥០លាននាក់ ជំរុញឱ្យភាគរយរួមចំណែកផ្ទាល់នៃទេសចរណ៍ក្នុងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងដល់១០ទៅ១២ភាគរយ និងប្រជែងយកតំណែងជាប្រទេសកំពូលទាំង៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងទំហំ និងអត្រាកើនឡើងនៃវិស័យទេសចរណ៍។

ដើម្បីសម្រេចបាននូវទិសដៅនេះ រដ្ឋាភិបាលវៀតណាមបានតម្រូវឱ្យគ្រប់ក្រសួង និងអាជ្ញាធរដែនដី ប្តូរការផ្តោតអារម្មណ៍ពីទេសចរណ៍បែបបរិមាណ និងទាញយកធនធាន មកជាទេសចរណ៍គុណភាព និងតម្លៃបន្ថែមខ្ពស់ ដោយផ្តល់អាទិភាពដល់ទីផ្សារដែលមានកម្លាំងទិញខ្ពស់់ និងស្នាក់នៅយូរ។ បន្ថែមពីនេះ វៀតណាមនឹងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍បេតិកភណ្ឌ វប្បធម៌ កម្សាន្តតាមឆ្នេរខ្សាច់ និងសុខភាព ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រង ការលើកកម្ពស់មធ្យោបាយដឹកជញ្ជូនបៃតង (រថយន្តអគ្គិសនី) និងការផ្សព្វផ្សាយម៉ាកសញ្ញាកសិផល ទៅកាន់ទីផ្សារពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត