
រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម និងកូរ៉េខាងជើង នឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានមួយចំនួន នាពេលថ្មីៗ។ នេះបើតាមក្រសួងការពារជាតិវៀតណាម ថ្លែងបន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ នៅសប្តាហ៍នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិវៀតណាម ដែលបានចេញផ្សាយ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានប្រជុំពិភាក្សាផ្លូវការ ជាមួយសមភាគីកូរ៉េខាងជើង លោក រ្យ៉ូ ឆុលអ៊ុង (Ryo Chol Ung) ដែលជាប្រតិភូការពារជាតិ កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ។ សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីលោក ថាំង យ៉ាងដូច្នេះថា៖«ស្ថិតក្នុងក្របខណ្ឌរួមនៃមិត្តភាពប្រពៃណីរវាងវៀតណាម និងកូរ៉េខាងជើង កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តែងតែជាវិស័យសំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ និងការជំរុញយ៉ាងសកម្មពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពនៃប្រទេសទាំង២»។ លោកបានបន្ថែមថា មានលទ្ធផលវិជ្ជមានជាច្រើនក្នុងវិស័យផ្សេងៗ រួមមាន៖ ការផ្លាស់ប្ដូរគណៈប្រតិភូ កិច្ចការបក្ស និងនយោបាយ ព្រមទាំងការអប់រំ និងការហ្វឹកហ្វឺន ហើយលោកបានអំពាវនាវឱ្យភាគីទាំង២អនុវត្តលិខិតស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៥។

លោក រ្យ៉ូ ឆុលអ៊ុង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី រវាងបក្សកាន់អំណាចទាំង២ រដ្ឋទាំង២ និងកងទ័ពនៃប្រទេសទាំង២ ហើយលោកក៏បានពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីផងដែរ។ សូមបញ្ជាក់ថា ប្រទេសវៀតណាម និងកូរ៉េខាងជើង បានរក្សាទំនាក់ទំនងទូតជាមួយគ្នា តាំងពីសម័យសង្គ្រាមត្រជាក់មកម៉្លេះ ហើយប្រទេសប្រកាន់អំណាចកុម្មុយនីស្ដទាំង២ ស្ថិតក្នុងចំណោមប្រទេសគ្រប់គ្រងដោយរបបកុម្មុយនីស្ដទាំង៥ នៅលើពិភពលោក រួមទាំងប្រទេសចិន គុយបា និងឡាវ៕



