
រដ្ឋធានីហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) បានផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី និងបារាំង នៅសប្តាហ៍នេះ ខណៈក្រុមអ្នកវិភាគមើលឃើញថា ជា«យុទ្ធសាស្ត្រការទូតដើមឫស្សី» ឬ «យុទ្ធសាស្ត្រព្រួញ១ បាញ់តម្រង់ចាប២»។ នោះក៏ព្រោះតែដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាម មានបំណងស្វែងរកការគាំទ្រលើអធិបតេយ្យភាពនៃសមុទ្ទចិនខាងត្បូង និងការកៀរគរដើមទុនវិនិយោគ និងបច្ចេកវិទ្យា ដើម្បីរុញច្រានសេដ្ឋកិច្ចវៀតណាមឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៤៥...។

នៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ច លោក តូ ឡឹម នឹងទទួលទានតែក្ដៅជជែកការងារជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលេច លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅរដ្ឋធានីម៉ូស្គូ មុនហោះបន្តទៅកាន់រដ្ឋធានីប៉ារីស ដើម្បីជួបប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដែលធ្លាប់ជាចៅហ្វាយនាយនៃសម័យអាណានិគម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអវកាសអន្តរជាតិ។ ការហោះទៅជួបមហាអំណាច២ ក្នុងពេលដំណាលគ្នាបែបនេះ គឺជាការបញ្ចេញសាច់ដុំការទូតដើមឫស្សីរបស់រដ្ឋធានីហាណូយ នៅលើឆាកអន្តរជាតិ។ ជុំវិញដំណើរទស្សនកិច្ចនេះ លោក អាឡិចសាន់ឌ័រ វូវីង (Alexander Vuving) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក នៅកោះហាវ៉ៃ បានលើកឡើងថា លោក តូ ឡឹម ប្រហែលជាប្រឹងប្រែងអូសទាញមេដឹកនាំរដ្ឋធានីម៉ូស្គូ និងប៉ារីស ឱ្យឈរខាងវៀតណាមលើជម្លោះដណ្តើមសិទ្ធិកាន់កាប់នៅសមុទ្ទចិនខាងត្បូង ថ្វីបើប្រទេសទាំង២ប្រកាសរក្សាជំហរអព្យាក្រិតក៏ដោយ។

គេនៅចាំបានថា កាលពីចុងខែមុន វៀតណាមបានចេញលិខិតតវ៉ាយ៉ាងក្ដៅគគុកប្រឆាំងនឹងប្រទេសចិន ជុំវិញសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធ និងការចាក់ដីលុបកោះនៅតំបន់ថ្មប៉ប្រះទឹក Antelope Reef និងកោះ Yagong ដែលវៀតណាមហៅថា «កោះបាបា (Ba Ba)» ក្នុងប្រជុំកោះប៉ារ៉ាសែល។ ទោះជាយ៉ាងណា ចិនបានច្រានចោលការតវ៉ានេះភ្លាមៗ ដោយអះអាងថា សកម្មទាំងនេះ ជាសិទ្ធិអធិបតេយ្យភាពស្របច្បាប់របស់រដ្ឋធានីប៉េកាំង។ លោក វូវីង បន្ថែមថា ជំនួបនៅរុស្ស៊ី នឹងផ្តោតធ្ងន់លើកិច្ចសហប្រតិបត្តិការថាមពល និងការពារជាតិ រួមទាំងគម្រោងរោងចក្រថាមពលបរមាណូនៅភាគកណ្តាលវៀតណាម និងការរុករកប្រេងកាតនៅសមុទ្ទចិនខាងត្បូង ខណៈមេដឹកនាំទាំង២ ក៏អាចនឹងស្វែងរកច្រកចេញដើម្បីដោះទណ្ឌកម្មលោកខាងលិចផងដែរ។

លោក ង្វៀន ខាកជាំង (Nguyen Khac Giang) អ្នកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS-Yusof Ishak នៅសិង្ហបុរី បានលើកឡើងថា រុស្ស៊ីនៅតែជាខ្នងបង្អែកដ៏សំខាន់សម្រាប់វៀតណាម ក្នុងការធានាប្រភពប្រេង និងអាវុធយុទ្ធោបករណ៍។ លោកបញ្ជាក់ថា៖«ការឈានជើងចូលប្រទេសទាំង២ក្នុងពេលដំណាលគ្នា បង្ហាញពីមហិច្ឆតារឹងមាំរបស់រដ្ឋធានីហាណូយ ក្នុងការប្រឡូកជាមួយមហាអំណាចប្រជែងគ្នា ដោយមិនឱ្យបាត់បង់ជំហរយុទ្ធសាស្ត្រ និងការសម្រេចចិត្តផ្ទាល់ខ្លួនឡើយ»។ យ៉ាងណាមិញ លោក ហា ហ័ងហុប (Ha Hoang Hop) ប្រធានវិទ្យាស្ថានស្រាវជ្រាវនយោបាយ Viet Know នៅរដ្ឋធានីហាណូយ បានព្រមានថា ការជាន់ដែនដីរុស្ស៊ីមុនបារាំង ចំពេលសង្គ្រាមអ៊ុយក្រែនកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ អាចជាហានិភ័យនៃរូបភាពនយោបាយ និងងាយរងការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីដៃគូលោកខាងលិច។

យ៉ាងណា ដំណើរទស្សនកិច្ចនេះ គ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការ[ការទូត]ផ្លេកបន្ទោររបស់លោក តូ ឡឹម តែប៉ុណ្ណោះ។ ជាក់ស្តែង នៅចុងខែនេះ លោកនឹងបន្តដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក កាណាដា រួមទាំងគម្រោងទស្សនកិច្ចនៅសហភាពអឺរ៉ុប នាខែបន្ទាប់ទៀត។ សូជម្រាបថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០២៤ លោក តូ ឡឹម បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជាង២០ និងបានស្វាគមន៍ទទួលតែក្ដៅពីមេដឹកនាំបរទេសជាច្រើនហូរហែរ នៅឯវិមានវីឡាចម្ការឫស្សីនៃរដ្ឋធានីហាណូយ រួមទាំងមេដឹកនាំភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីចុងសប្តាហ៍មុន។ ចង្វាក់ការទូតដ៏ខ្វាត់ខ្វែងលើឆាកអន្តរជាតិរបស់វៀតណាម ត្រូវគេមើលឃើញថា ជាការប្រមូលទុនយុទ្ធសាស្ត្រ ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចវៀតណាម ឱ្យកាន់តែស្ទុះងើបជាលំដាប់៕




