
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាង១៦ម៉ឺន៤ពាន់ដុល្លារអាម៉េរិក ដើម្បីគាំទ្រការកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី និងលើកកម្ពស់ជីវភាពរបស់កសិករនៅក្នុងខេត្តក្រចេះ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន«គូសាណូណិ» ត្រូវបានធ្វើឡើងនៅថ្ងៃទី២ ខែតុលា នៅស្ថានទូតជប៉ុន។

ក្នុងពិធីនេះ លោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ ជំនួយដែលមានទឹកប្រាក់ជាង១៦ម៉ឺន៤ពាន់ដុល្លារអាម៉េរិក នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្ត «គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តក្រចេះ»។ តាមរយៈគម្រោងនេះ សហគមន៍កសិកម្មចំនួន៣ នៅក្នុងខេត្តក្រចេះ នឹងទទួលបានការគាំទ្រជាឃ្លាំងស្តុកគ្រាប់ស្វាយចន្ទី កន្លែងសម្ងួត និងឧបករណ៍វាស់សំណើម។ ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទាំងនេះ មានគោលបំណងជួយកែលម្អគុណភាពផលិតផល កាត់បន្ថយបញ្ហាដែលកើតឡើងក្រោយការប្រមូលផល និងធានាឱ្យការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីមានស្ថិរភាព។

ជំនួយនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាកសិករ ដែលពឹងផ្អែកលើការដាំដុះ និងផលិតគ្រាប់ស្វាយចន្ទី។ រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ខ្លួននឹងបន្តគាំទ្រគំនិតផ្តួចផ្តើមនានានៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងគូសាណូណិ៕




