ជាង១ខែ ឧទ្យានជាតិ «គិរីរម្យ» រងការរំលោភជាង២១ហិកតា រួមទាំងការកាប់ឈើ និងការទាក់សត្វព្រៃ៣៩ករណី
Chanmarady Chuon
•
12 ម៉ោងមុន

កំពង់ស្ពឺ៖ ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» បានចុះប្រតិបត្តិការយ៉ាងក្ដៅគគុក និងបង្ក្រាបបានបទល្មើសធនធានធម្មជាតិសរុបចំនួន៣៩ករណី។ ប្រតិបត្តិការនេះ មន្ត្រីជំនាញ បានទប់ស្កាត់ និងដកហូតដីព្រៃរបស់រដ្ឋដែលរងការរំលោភបំពានជាង២១ហិកតាមកវិញ ព្រមទាំងបានបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទាក់ចាប់សត្វព្រៃខុសច្បាប់នៅក្នុងតំបន់ការពារផងដែរ…។

យោងតាមការឱ្យដឹងពីមន្ត្រីឧទ្យានុរក្សឧទ្យានជាតិគិរីរម្យ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងរយៈពេល៤៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ មន្ត្រីជំនាញបានបន្តចុះល្បាត និងបង្ក្រាបបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិគិរីរម្យ ដោយសម្រេចបានលទ្ធផលមួយចំនួន។ ១. បង្ក្រាបបានចំនួន២៨ករណី ដែលជាសកម្មភាពលួចបោះបង្គោលហ៊ុមព័ទ្ធក្នុងគោលបំណងយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយការពារផ្ទៃដីបានប្រមាណ ១៨.៥៣ហិកតា។ ២. បង្ក្រាបបានចំនួន៥ករណី ដែលជាការកាប់ឆ្ការ និងដុតព្រៃយកដីធ្វើកម្មសិទ្ធិ ដោយដកហូតផ្ទៃដីបានចំនួន២,៥១ហិកតា។ ៣. បង្ក្រាបបានចំនួន ២ករណី ពាក់ព័ន្ធនឹងការទន្ទ្រានដីសង់រោងយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត។ ៤. សមត្ថកិច្ចបានបង្ក្រាបការលួចកាប់ឈើស្រល់ (ឈើលេខ២) ចំនួន ២ករណី ដកហូតបាន៦ដើម។ ៥. បង្ក្រាបការដាក់អន្ទាក់សត្វព្រៃចំនួន១ករណី ដោយដកហូតបានអន្ទាក់១៥ខ្សែ (ជាប់សត្វស្វាងាប់១ក្បាល)។

ដោយឡែក កាលពីថ្ងៃទី១ ខែតុលា កម្លាំងឧទ្យានុរក្សក៏បានបន្តចុះប្រតិបត្តិការនៅចំណុចបឹងប៉េសេ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានបង្ក្រាបករណីលួចដាំបង្គោលរបងឈើចំនួន៣៥បង្គោល លើផ្ទៃដីហ៊ុមព័ទ្ធទំហំ០,៤៥ហិកតា បន្ថែមទៀត ប៉ុន្តែពុំជួបមុខសញ្ញាម្ចាស់ដីនោះទេ។ បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអត្តសញ្ញាណជនល្មើស អញ្ជើញមកចាត់ការតាមនីតិវិធីនៃក្រមបរិស្ថាន និងធនធានធម្មជាតិជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត