
ខេត្តបន្ទាយមានជ័យ៖ បើទោះបីជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តធុនធំយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកបើកបររថយន្តធុនធំមួយចំនួន បន្តបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអូរស្ងួត និងផ្លូវវាងក្រុងទឹកថ្លា ដែលកំពុងរងការលិចខ្លាំងដោយជំនន់ទឹកភ្លៀងនៅឡើយ...។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតំបន់នោះ បានឱ្យដឹងថា ការបើកបររថយន្តធុនធ្ងន់ឆ្លងកាត់ផ្ទៃផ្លូវដែលកំពុងលិចទឹកបែបនេះ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពធ្វើដំណើរ និងអាចបណ្តាលឱ្យគ្រឹះផ្លូវ-ស្ពានខូចខាត ឬបាក់ស្រុតធ្ងន់ធ្ងរ ដោយសារទឹកធ្វើឱ្យដីទន់ជ្រាយស្រាប់ទៅហើយ។ ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ មេត្តាចាត់វិធានការឱ្យបានតឹងរ៉ឹងបន្ថែមទៀត ដោយចុះត្រួតពិនិត្យ និងដាក់បារ៉ាសហាមឃាត់ឱ្យចំគោលដៅ ដើម្បីទប់ស្កាត់រថយន្តធុនធំទាំងនោះកុំឱ្យបន្តឆ្លងកាត់ជាដាច់ខាត រហូតដល់ស្ថានភាពទឹកស្រក និងផ្លូវត្រឡប់មកប្រក្រតីវិញ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានសម្រេចផ្អាកបណ្តោះអាសន្នចំពោះ យានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិកំណាត់ផ្លូវជាតិលេខ៥ ចាប់ពី គ.ម ៣៤០+០០០ ដល់ គ.ម ៣៦១+៨៥០ (ម្តុំអូរស្ងួត-ផ្លូវវាងក្រុងទឹកថ្លា) ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងធានាសុខសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ៕





