
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់មួយ ផ្តោតលើការរៀបចំយន្តការគ្រប់គ្រងទឹក ជាពិសេសការស្ទាក់ចាប់ និងការពង្វាងទឹកដែលហូរធ្លាក់ពីប្រទេសថៃយកទៅស្តុកទុក ដើម្បីកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់មកខេត្តបន្ទាយមានជ័យ និងតំបន់ព្រំដែនខាងកម្ពុជា។ ក្រោយទឹកជំនន់បន្តបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៨ ទូទាំងខេត្តបន្ទាយមានជ័យ ពលរដ្ឋជាង៣២០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព..។

ក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានពិនិត្យ និងពិភាក្សាលើគម្រោងរំដោះទឹក និងពង្វាងទឹកអូរខៃដន និងបឹងកន្សែង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសកូរ៉េ និងផែនការជំហានទី២ ដើម្បីពង្រីកសក្ដានុពលរំដោះទឹកចេញពីខេត្តបន្ទាយមានជ័យ ចាប់ពីស្ទឹងបត់ អូរបីជាន់ និងតំបន់រណប រហូតធ្លាក់ចូលបឹងទន្លេសាប។

របាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី១ ខែតុលា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន ៨ក្នុងខេត្ត។ ប្រជាពលរដ្ឋសរុបជាង៣២០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទឹកជំនន់បានប៉ះពាល់ដល់ ដំណាំស្រូវជាង២៧០០ហិកតា ដំឡូងមី ១៥៦ហិកតា និងដំណាំរួមផ្សំ១០ហិកតា ខណៈដំណាំស្រូវ៤៣៤ហិកតា ត្រូវបានរាយការណ៍ថាខូចខាត។ ក្រៅពីនេះ ផ្លូវជាង៥០០កន្លែង បានរងផលប៉ះពាល់ពីទឹកជំនន់។ ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់នោះ រួមមាន៖ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ ស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក៕






