
រដ្ឋធានីតេហ៊ីរ៉ង់៖ តំបន់មជ្ឈិមបូព៌ា នឹងចាប់ផ្ដើមឡើងកម្ដៅជាថ្មី ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានម្ដងហើយម្ដងទៀត អំពីការកម្ទេចប្រទេសអ៊ីរ៉ង់ ខណៈឥឡូវ សហរដ្ឋអាម៉េរិក កំពុងតែដាក់ពង្រាយកម្លាំងកងទ័ពជើងទឹករបស់ខ្លួនកាន់តែធំ មិនធម្មតា ធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ អំពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងវាយប្រហារជាថ្មី ប្រឆាំងនឹងទីក្រុងតេហ៊ីរ៉ង់ ចំពេលកងនាវាផ្ទុកយន្ដហោះវាយប្រហារទៅដល់ដែនទឹក នៃតំបន់នោះ ចំនួន៣គ្រឿង និងកងនាវាចុះទឹកវាយឡើងលើគោក ចំនួន២គ្រឿងផ្សេងទៀត។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែតុលា ថា សហរដ្ឋអាម៉េរិក ត្រូវគេរំពឹង ថា នឹងពង្រឹងកងទ័ពជើងទឹកដ៏ធំជាថ្មី ជាមួយនឹងការដាក់ពង្រាយនូវកងនាវាផ្ទុកយន្ដហោះវាយប្រហារ ចំនួន៣គ្រឿង និងកងនាវាប្រតិបត្តិការចម្រុះចុះទឹកវាយឡើងលើគោក ចំនួន២គ្រឿងផ្សេងទៀត ដោយភ្ជាប់ជាមួយនឹងកងឯកភាពនាវាចរណ៍ នៃកងម៉ារីន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ព្រឹត្ដិការណ៍បែបនេះ នឹងបង្កើតឱ្យមានការប្រមូលផ្តុំកម្លាំងកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិក នៅក្នុងកម្រិតដ៏ធំ មិនធម្មតា ចំពេលកងកម្លាំងថ្មី ទើបនឹងទៅដល់ ដើម្បីជំនួសកងកម្លាំងដែលមានស្រាប់ នៅមុនពេលពួកគេចាកចេញ។

ប្រភពដដែល បានរាយកាណ៍បន្ដថា សហរដ្ឋអាម៉េរិក នឹងត្រូវដាក់ពង្រាយនូវកងនាវាផ្ទុកយន្ដហោះវាយប្រហារដើរ ដោយថាមពលនុយក្លេអ៊ែរ ចំនួន៣គ្រឿង រួមមាន៖ នាវាផ្ទុកយន្តហោះយូអេសអេស ចច វ៉ាស៊ីនតោន (USS George Washington), យូអេសអេស ចច អេច.ដាប់ប៊ែល្យូ. ប៊ូស (USS George H.W. Bush) និង យូអេសអេស ថេឌ័រ រ៉ូសេវ៉ែលត៍ (USS Theodore Roosevelt) ។ បច្ចុប្បន្ន កងនាវាផ្ទុកយន្ដហោះវាយប្រហារ USS George Washington និង USS George H.W. Bush កំពុងតែស្ថិតក្នុងសមុទ្រអារ៉ាប់ សម្រាប់បំពេញបេសកកម្មគាំទ្រ ដល់ប្រតិបត្ដិការយោធារបស់សហរដ្ឋអាម៉េរិក នៅតំបន់មជ្ឈិមបូព៌ា។

បើតាមក្រុមមន្រ្ដីយោធាកំពូលៗរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា កងនាវាផ្ទុកយន្ដហោះវាយប្រហារ USS Theodore Roosevelt បានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹក នៅទីក្រុងសាន់ ឌៀហ្គោ (San Diego) ដែលនៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងកើត ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។ នៅក្នុងអំឡុងពេលកងនាវាផ្ទុកយន្ដហោះវាយប្រហារនេះទៅជួបគ្នានោះ នឹងផ្តល់ឱ្យមេបញ្ជាការសហរដ្ឋអាម៉េរិកនូវកងនាវាផ្ទុកយន្តហោះវាយប្រហារ ចំនួន៣គ្រឿង ព្រមទាំងកងយន្តហោះប្រចាំការ នៅលើនាវាទាំងនោះ ដែលនឹងជួយពង្រីកយ៉ាងខ្លាំងនូវសមត្ថភាពផ្នែកយន្តហោះចម្បាំង ការការពារប្រឆាំងមីស៊ីល និងការវាយប្រហារ រយៈចម្ងាយឆ្ងាយ នៅក្នុងតំបន់ និងតំបន់ជុំវិញនោះ។ ស្របគ្នានេះ ការបង្កើនកម្លាំងទាំងនេះ ក៏នឹងរួមបញ្ចូលផងដែរនូវក្រុមនាវាវាយប្រហារចល័តតាមសមុទ្រ ARG និង MEU ចំនួន២កងបន្ថែមទៀត។

កងនាវាចម្បាំង ប្រភេទក្រុមត្រៀមវាយចុះទឹកឡើងលើគោក (Amphibious Ready Group) ឈ្មោះ Boxer ដែលដឹកជញ្ជូនកងឯកភាពទ័ពជើងទឹកពិសេស (Marine Expeditionary Unit - MEU) ទី១១ កំពុងតែប្រតិបត្តិការ នៅក្នុងសមុទ្រអារ៉ាប់រួចជាស្រេច។ ក្រុមនេះ រួមមាន៖ កងនាវា USS Boxer, USS Comstock និង USS Portland។
ទន្ទឹមគ្នានេះដែរ មន្ត្រីអាម៉េរិកម្នាក់ បានឱ្យដឹងថា កងនាវាចម្បាំង Makin Island ដែលដឹកជញ្ជូនកងឯកភាពទ័ពជើងទឹកពិសេសទី១៣ បានចេញដំណើរពីទីក្រុង San Diego កាលពីថ្ងៃទី២៨ ខែកញ្ញា។ ក្រុមនេះ មាននាវា USS Makin Island, USS Anchorage និង USS John P. Murtha។ កងឯកភាព MEU ក៏មានកងម៉ារីន និងនាវិកប្រហែល ២ ២០០នាក់ ហើយនឹងនាំមកនូវសមត្ថភាពបន្ថែមលើផ្នែកការពារដែនអាកាស ការប្រយុទ្ធនៅលើគោក និងការឆ្លើយតបនឹងវិបត្តិនានា។
ការប្រមូលផ្តុំកម្លាំងពិសេសទាំងនេះ មានសារៈសំខាន់លើសពីចំនួននាវាដែលមាននៅទីនោះស្រាប់។ ការបូកបញ្ចូលគ្នា រវាងកងនាវាផ្ទុកយន្តហោះវាយប្រហារ និងកងកម្លាំងនាវាចម្បាំង ប្រភេទចុះទឹកវាយឡើងលើគោក នឹងផ្តល់នូវសមត្ថភាពយោធា កាន់តែខ្លាំងដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងការវាយប្រហារ ការការពារកងកម្លាំងសហរដ្ឋអាម៉េរិក និងដៃគូ ហើយការឆ្លើយតប ចំពោះការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវសមុទ្រ និងការជម្លៀសជនស៊ីវិល ឬការបញ្ជូនកងម៉ារីនឡើងគោកយ៉ាងឆាប់រហ័ស នៅក្នុងអំឡុងពេលមានវិបត្តិ។

ការពង្រីងកងកម្លាំងកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិក ក៏នឹងផ្តល់នូវវត្តមានទប់ស្កាត់ជាក់ស្តែង ចំពេលមានភាពតានតឹងជាបន្តបន្ទាប់ជាមួយនឹងប្រទេសអ៊ីរ៉ង់ និងអស្ថិរភាពនៅក្នុងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះជាការបង្កើនកម្លាំង នៅក្នុងរយៈពេលខ្លី ក្រោយពេលលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៣០ខែកញ្ញា បានគំរាមកម្ទេចប្រទេសអ៊ីរ៉ង់ ជាថ្មី ក្រោយការព្រមាននៅអង្គការសហប្រជាជាតិ។ បច្ចុប្បន្ននាវាខ្លះដែលមកដល់ គឺដើម្បីជំនួសកងកម្លាំងដែលបានដាក់ពង្រាយរួចហើយ ហើយវត្តមានដ៏ច្រើន ខុសធម្មតា នៃកងទ័ពជើងទឹកអាម៉េរិក នឹងថយចុះវិញ ខណៈការផ្លាស់ប្តូរកងកម្លាំងទាំងនោះ ត្រូវបានបញ្ចប់។
សូមជម្រាបថា នាវាផ្ទុកយន្ដហោះ USS George H.W. Bush មានផ្ទុកកងទ័ពជើងទឹកសរុប ជាង៦០០០នាក់ ខណៈ USS Theodore Roosevelt ផ្ទុកកងទ័ពជើងទឹក សរុបជាង៥៦០០នាក់ និង USS George Washington ជាង៦០០០នាក់៕


