តៃវ៉ាន់បើកឃ្លាំងទទួលយន្តហោះចម្បាំង F-16V ដ៏ថ្មីសន្លាងពីអាម៉េរិក ដើម្បីទប់ទល់ការគំរាមកំហែងដ៏ស្រួចស្រាវពីស្តេចនាគរាជចិន
ហៀប ស៊ីថេត
•
14 ម៉ោងមុន

ក្រុងតៃប៉ិ៖ នៅថ្ងៃសុក្រទី២ ខែតុលា ឆ្នាំ២០២៦នេះ កងទ័ពអាកាសតៃវ៉ាន់ បានទទួលយន្តហោះចម្បាំងប្រភេទ F-16V Block 70 ដ៏ថ្មីសន្លាងចំនួន២គ្រឿងដំបូងគេបង្អស់ ពីសហរដ្ឋអាម៉េរិក ក្នុងចំណោមការបញ្ជាទិញសរុបចំនួន៦៦គ្រឿង ដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៩។

យន្តហោះចម្បាំងដ៏ទំនើបទាំង២គ្រឿង បានធ្វើដំណើរឆ្លងកាត់មហាសមុទ្ទប៉ាស៊ីហ្វិក ដោយឆ្លងកាត់រដ្ឋហាវ៉ៃ និងកោះហ្គាំ មុនពេលចុះចតនៅមូលដ្ឋានទ័ពអាកាសឈីហាង (Chihhang) ក្នុងទីក្រុងតៃទុង ភាគខាងកើតកោះតៃវ៉ាន់។ គួរជម្រាបថា អាម៉េរិកបានអនុម័តកិច្ចព្រមព្រៀងលក់យន្តហោះ F-16V សរុបចំនួន៦៦គ្រឿង ក្នុងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ តាំងពីឆ្នាំ២០១៩ ប៉ុន្តែដំណើរការនេះ ត្រូវបានរំខានដោយសារបញ្ហាបច្ចេកទេស និងការពន្យារពេលផលិតកម្ម។ ការមកដល់នៃយន្តហោះចម្បាំងដ៏ទំនើបនេះ កើតឡើងក្រោយកងទ័ពអាកាសតៃវ៉ាន់ត្រូវបានបង្ខំឱ្យបញ្ជូនយន្តហោះចម្បាំងចេញល្បាតស្ទើរតែរៀងរាល់ថ្ងៃ ដើម្បីតាមដាន និងទប់ទល់នឹងសកម្មភាពយោធាយ៉ាងគំហុករបស់ចិននៅជុំវិញកោះនេះ។

ថ្លែងទៅកាន់សភាក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក វែលលីងតុន គូ (Wellington Koo) បានអះអាងដោយផ្ដល់ទំនុកចិត្តថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយយន្តហោះ F-16V ជាច្រើនគ្រឿងទៀតនឹងត្រូវដឹកជញ្ជូនមកជាបន្តបន្ទាប់។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖«យើងនឹងមិនបញ្ឈប់ត្រឹមតែការទទួលយន្តហោះ២គ្រឿងនេះ សម្រាប់ចុងឆ្នាំនេះឡើយ»។ លោក គូ បានបន្ថែមទៀតថា គោលបំណងរបស់ចិនក្នុងការបង្រួបបង្រួមតៃវ៉ាន់ដោយប្រើកម្លាំងយោធា គឺមិនដែលប្រែប្រួលនោះឡើយ។ ដូច្នេះ ការមកដល់នៃ F-16V ដែលបំពាក់ដោយប្រព័ន្ធរ៉ាដា និងអាវុធអាកាសអេឡិចត្រូនិកជំនាន់ថ្មី នឹងបង្កើនសមត្ថភាពតៃវ៉ាន់យ៉ាងខ្លាំងក្នុងការតតាំងជាមួយយន្តហោះចម្បាំងបំបាំងកាយ J-20 របស់ចិន។

លោក វែលលីងតុន គូ (Wellington Koo)
លោក វែលលីងតុន គូ (Wellington Koo)

គួរបញ្ជាក់ថា ការប្រគល់អាវុធនេះបានកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅរដ្ឋធានីវ៉ាស៊ីនតោន។ ទោះបីជាមានការព្រួយបារម្ភលើថវិកា និងជំហរនយោបាយការបរទេសក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនៅតែបន្តឈរយ៉ាងរឹងមាំជាមួយមិត្តភក្តិ និងដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងតៃវ៉ាន់ ដើម្បីការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

លោក ដូណាល់ ត្រាំ (ឆ្វេង) និង លោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ (ឆ្វេង) និង លោក ស៊ី ជីនពីង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត