
រាជធានីបាងកក៖ ពលរដ្ឋបារាំងយ៉ាងហោចណាស់១១នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ចាប់តាំងពីដើមរដូវក្ដៅនេះមក បន្ទាប់ពីសមត្ថកិច្ចរកឃើញកញ្ឆាទម្ងន់ជាច្រើនគីឡូក្រាម នៅក្នុងវ៉ាលីធ្វើដំណើររបស់ពួកគេ។ នេះបើយោងតាមការបញ្ជាក់ពីប្រភពប៉ូលិសប្រាប់ភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦...។

យោងតាមការរៀបរាប់ពីក្រុមគ្រួសារ និងសារព័ត៌មានបារាំង Liberation ក្រុមយុវជនរងគ្រោះ ដែលមានអាយុចន្លោះពី១៨ដល់២៦ឆ្នាំទាំងនេះ អាចត្រូវបានក្រុមឧក្រិដ្ឋជនបោកប្រាស់ឱ្យធ្វើជា«អ្នកដឹកជញ្ជូនគ្រឿងញៀន»ជាថ្នូរនឹងការទទួលបានកញ្ចប់ទស្សនកិច្ចកម្សាន្តដោយឥតគិតថ្លៃ នៅប្រទេសថៃ រួមទាំងសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ។ ជនរងគ្រោះម្នាក់ ត្រូវបានគេទាក់ទងតាមបណ្តាញសង្គម Snapchat ដោយអះអាងថា ជាការដឹកជញ្ជូនទូរសព្ទដៃ ប៉ុន្តែនៅពេលមន្ត្រីគយត្រួតពិនិត្យវ៉ាលីដែលចាក់សោជាប់ បែរជាប្រទះឃើញកញ្ឆារហូតដល់១៦,៨គីឡូក្រាមទៅវិញ។

បច្ចុប្បន្ន មន្ត្រីកុងស៊ុលបារាំងប្រចាំប្រទេសថៃ និងហុងកុង បាននិងកំពុងអន្តរាគមន៍លើករណីនេះ ខណៈព្រះរាជអាជ្ញាបារាំងទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ដើម្បីស្វែងរកមុខសញ្ញាមេខ្លោង និងបណ្តាញរៀបចំការបោកប្រាស់នេះ។ គួរបញ្ជាក់ថា ការរត់ពន្ធកញ្ឆាចេញពីប្រទេសថៃទៅកាន់អឺរ៉ុប បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសថៃបានលុបចោលកញ្ឆាចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០២២កន្លងទៅ៕



