
ក្រុងស្ទឹងសែន៖ ក្នុងដំណាក់កាលប្រទេសជាតិកំពុងទទួលរងការឈ្លានពានពីយោធាថៃ ដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានជនខិលខូចឆ្លៀតឱកាសកាប់ទន្ទ្រាន ដើម្បីយកធ្វើជាកម្មសិទ្ធិ។ នេះបើតាមការបញ្ជាក់របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៦…។

លោកអភិបាលខេត្ត បានកត់សម្គាល់ក្រោយដឹកនាំមន្ត្រីចុះអង្កេតត្រួតពិនិត្យនៅទីតាំងរងការលួចកាប់បំផ្លាញព្រៃរានយកដី ថា ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាមួយ ដែលពួកគេអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។ យ៉ាងណាក៏ដោយ ពេលនេះ តំបន់រងការទន្រ្ទានត្រូវបានកំណត់ភូមិសាស្ត្ររួចហើយ ដោយរដ្ឋបាលខេត្តកំពង់ធំ ខណៈវិធានការរឹតបន្តឹង និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រឆាំងនឹងអភិក្រមរបស់ជនល្មើស ដែលតែងប្រកាន់ពាក្យថា «អ្នកហ៊ានគឺបាន»។

លោកអភិបាលខេត្ត ក៏បានផ្តាំទៅជនល្មើសដែលធ្វើសកម្មភាពកាប់ទន្ទ្រានដីព្រៃរដ្ឋថា៖ «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ!»។ អាជ្ញាធរនឹងចាត់វិធានការ ដើម្បីឱ្យជនល្មើសមិនត្រឹមតែមិនអាចទទួលបាននូវសិទ្ធិណាមួយនៅលើដីព្រៃដែលខ្លួនបានទន្រ្ទាននោះទេ ប៉ុន្តែផ្ទុយទៅវិញ នឹងត្រូវជាប់ក្នុងអន្ទាក់នីតិវិធីតុលាការ ដែលបានបើកនីតិវិធីរួចហើយ ដើម្បីស្វែងរកបុគ្គលទទួលខុសត្រូវតាមផ្លូវច្បាប់។ លោក នួន ផារ័ត្ន ប្រាប់ឱ្យជនខិលខូចទាំងហ្លាយ ត្រូវបញ្ឈប់ជាបន្ទាន់ វប្បធម៌ប្រើពលរដ្ឋចូលកាប់ឆ្ការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចំណែកប្រជាពលរដ្ឋដែលពាក់ព័ន្ធ ក៏ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ដូចគ្នា ព្រោះការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ គឺជាទង្វើខុសច្បាប់៕







