ក្រុមការងារអន្តរក្រសួង ប្រកាសអំពីលទ្ធផលក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប
SBM News
11 មីនា 2022 04:00 AM

រាជធានីភ្នំពេញ៖ ក្រុមការងារអន្តរក្រសួង ប្រកាសអំពីលទ្ធផលនៃការអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកពាក់ព័ន្ធចំនួន ៣៤នាក់ ត្រូវឃាត់ខ្លួន ក្នុងនោះ ៥ នាក់បានដោះលែងវិញ។ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥.០០២គ្រួសារ ស្មើ ៦៣ ១៩.០៨០ហិកតា និងធ្វើការវាស់វែងជាក់ស្តែងបានចំនួន ៨.៨៦០គ្រួសារ ស្មើ ១០,៨៣៧ក្បាលដី និងមានទំហំ ៨៧.០៤២,៤៥ហិកតា។ សម្រាប់ការដាំដើមឈើ កប់គ្រាប់ត្នោតបានចំនួន ៣៤៣.៤០០គ្រាប់, ដើមត្នោត ១៣៩ដើម, ដើមច្រកែងទួយ ២០០ដើម, ដើមរាំង ១៩.០១៣ដើម, ដើមឫស្សី ១៣.៧០៩ដើម, ដើមផ្ទាល ២០០ដើម, ដើមរំដេញ ៦.៩៣៤ដើម, ដើម សណ្តាន់ ៣.៤៨៥ដើម,ដើមត្រស់ ៧៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម, ដើមឆ្នាំ ៦៥០ដើម, ដើម ថ្លើមអណ្ដើក ៣៥៦ដើម, ដើមបបួយ ១៥០ដើម, ដើមខ្នាយមាន់ ៣៥០ដើម, ដើមកន្សែង ២០០ដើម និងដើមផ្សេងៗ ៩ .៥០០ដើម។

ជាមួយគ្នានេះ ក្រុមការងារអន្តរក្រសួង បង្ហោះដ្រូនថតរូបភាពបានចំនួន ១១៨.៧៥៣ហិកតា ស្មើ ១៨,៣៥% និងថតវីឌីអូបានចំនួន ៩៦. ៩៥០ហិកតា ស្មើ ១៤, ៩៨% និងបោះបង្គោលកំណត់ព្រំតំបន់៣ថ្មី និងកែសម្រួលបង្គោលចាស់សរុបបានចំនួន ៦៦១បង្គោល ស្មើ ៨២,៤២% នៅខ្វះចំនួន ១៤១បង្គោលត្រូវបោះបន្តក្នុងនោះខេត្តបាត់ដំបងចំនួន ៣បង្គោល និងខេត្តសៀមរាបចំនួន ១៣៨បង្គោល។

ក្រុមការងារអន្តរក្រសួង បញ្ជាក់ថា ទិសដៅការងារបន្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តចាត់វិធានការការពារនិងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋតាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម។ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំបង្គោលដែលបានបោះរួច និងជំរុញការបោះបង្គោល ដែលនៅខ្លះ ចំនួន ១៤១ បង្គោល។ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំដើមឈើ និងគ្រាប់ត្នោតដែលបានដាំកន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។ រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្រូវបន្តជួយជំរុញការអនុវត្ត នីតិវិធីក្រោយពេលទទួលបានបណ្ដឹង។ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

សូមជម្រាបថា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិតដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ, ឯកឧត្តម វង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម ហ៊ូ សុគន្ធ អគ្គស្នងការរងតំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តមតំណាងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ និងប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត