
ខេត្តពោធិ៍សាត់៖ រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី4មេសា ឆ្នាំ២០២៤ កម្លាំងចម្រុះចុះប្រតិបត្តិការក្ដៅបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន៩៩៤៤,៤៤ហិកតា ឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ១៦ករណី។ នេះបើតាមក្រសួងបរិស្ថានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤...។

ក្រសួងបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួន និងឃ្លុំដីទុកនេះ ក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន៩០នាក់។ លើសពីនេះអាជ្ញាធរ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាង។ វត្ថុតាងទាំងនោះរួមមាន៖ រណាយន្ត៣៥គ្រឿង, ម៉ូតូ១៦គ្រឿង, គោយន្ត១គ្រឿង, ផាលត្រាក់ទ័រ៦, ម៉ាស៊ីនកាត់ស្មៅ២៣គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ៩គ្រឿង, កាំភ្លើងកែច្នៃចំនួន១១ដើម, អង្គប់ចំនួន៧៥, កាំបិតចំនួន២៨, បង្គោលរបងចំនួន៣៦៥២ និងដំណាំចម្រុះ។ ស្ថាប័នដដែលបន្ថែមថា ដោយឡែក ប្រតិបត្តិការនៅថ្ងៃទី៤មេសា បង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ ព្រមទាំងអប់រំប្រជាពលរដ្ឋចំនួន៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងដូចជា៖ ម៉ូតូ១គ្រឿង ដើមដំឡូវមី១បាច់។

ក្រសួងសង្កត់ធ្ងន់ថា ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ក្រសួងផ្ទាល់បានអនុវត្តតាមបទបញ្ជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ សហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត(អាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ដែលមានតួនាទីភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ)។ ពង្រឹងកិច្ចសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបានជាង ៦០ភាគរយ ក្នុងឆ្នាំ២០៥០៕





