
មជ្ឈិមបូព៌ា៖ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេបង្អស់នៅលើពិភពលោក បានប្រកាសផ្អាកប្រតិបត្តិការ «បំពង់ប្រេងបូព៌ា-បច្ចឹម» ជាបណ្តោះអាសន្នភ្លាមៗ បន្ទាប់ពីបំពង់ប្រេងយុទ្ធសាស្ត្រដ៏សំខាន់មួយនេះបានរងការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យវិបត្តិសង្គ្រាមមជ្ឈិមបូព៌ាកាន់តែឆាបឆេះខ្លាំង និងបង្កការព្រួយបារម្ភពីការស្ទុះឡើងនៃតម្លៃថាមពលសកល។

បំពង់ប្រេងប្រវែង១២០០គីឡូម៉ែត្រនេះ គឺជាផ្លូវដឹកជញ្ជូនប្រេងចម្បងដែលចាត់ចែងប្រេងចន្លោះពី៤ទៅ៥លានបារ៉ែល ក្នុងមួយថ្ងៃ (ស្មើនឹង៤ទៅ៥ភាគរយនៃប្រភពផ្គត់ផ្គង់សកល) ជំនួសឱ្យការដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្ស ដែលកំពុងត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម។ រូបភាពពីផ្កាយរណបបានបង្ហាញពីផ្សែងខ្មៅហុយទ្រលោមចេញពីតំបន់ភាគខាងត្បូងទីក្រុង Medina បន្ទាប់ពីការវាយប្រហារតាមដ្រូន ដែលអារ៉ាប៊ីសាអូឌីតបញ្ជាក់ថាមានប្រភពចេញពីប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះបានធ្វើឱ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិហក់ឡើងយ៉ាងគំហុក ដោយតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាម៉េរិកបានកើនឡើងលើស៦ដុល្លារក្នុងមួយហ្គាឡុង។

ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីក្រុមហ៊ូធី (Houthi) គាំទ្រដោយអ៊ីរ៉ង់ បានវាយដណ្តើមយកកោះយុទ្ធសាស្ត្រ Perim នៅច្រកសមុទ្ទបាប អែលម៉ាន់ដេប (Bab el-Mandeb) នៃសមុទ្ទក្រហម។ ព្រះអង្គម្ចាស់ក្សត្រ ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) បានទូរសព្ទទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើសុំជំនួយយោធាប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូធី ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោនបានឆ្លើយតបថា នឹងផ្តល់ត្រឹមព័ត៌មានការទូត និងចារកម្មប៉ុណ្ណោះ ដោយមិនទាន់ចូលរួមប្រយុទ្ធផ្ទាល់នៅឡើយទេ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងសង្គ្រាមកាន់តែជ្រៅ៕





